(កណ្ដាល)៖ កម្លាំងនគរបាលស្រុកស្អាង បានបើប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនបានមនុស្ស ០៧នាក់ ម៉ូតូ ០៧គ្រឿង កង់០១គ្រឿង និងមាន់០២ក្បាល។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលស្រុកស្អាង បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ដោយមានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងជល់មាន់ នៅទីតាំងខាងលើ។ ភ្លាមៗនោះកម្លាំងអន្តរាគមន៍ស្រុកស្អាង បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កោះខែល កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ ចំនួន០៧នាក់ រួមនឹងវត្ថុតាងដូចមានខាងលើ។
ជនសង្ស័យទាំង០៧នាក់ មានឈ្មោះដូចជា ទី១៖ ឈ្មោះ ឡាង សារឹម ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី២៖ ឈ្មោះ ម៉ែន ល័ក្ខ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររត់តុ, ទី៣៖ ឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់, ទី៤៖ ឈ្មោះ ទុយ ចារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ, ទី៥៖ ឈ្មោះ ម៉ែន ថន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ, ទី៦៖ ឈ្មោះ គីម ដែន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំង០៦នាក់ មានទីលំនៅនៅនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល នឹងទី៧៖ ឈ្មោះ ចាន់ តារា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល៕
ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុក និងធ្វើការអប់រំនៅអធិការដ្ឋាននគរបាលស្រុកស្អាង៕