(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមជនបទ ចូលរួមសាងសង់បង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យ ឲ្យបានគ្រប់ៗគ្នា។
នេះបើតាមលោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ថ្លែងនៅក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងអភិវឌ្ឍន៍ជនបទ» នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ចាន់ ដារ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋនៅតាមជនបទ មេត្តាចូលរួមធ្វើការសាងសង់បង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្រប់ៗគ្នា ដើម្បីឈានទៅបញ្ចប់នូវការបន្ទោរបង់ពាសវាលពាសកាល ដែលនាំឲ្យមានបង្កជំងឺឆ្លងនានា ដល់ខ្លួនយើងគ្រួសារយើង និងសង្គមយើង»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានឲ្យដឹងទៀតថា ក្រសួងនឹងបន្តជំរុញការងារសម្អាត និងអនាម័យជនបទ ជាពិសេសការងារលុបបំបាត់ការបន្ទោរបង់ ពាសវាលពាសកាល ដើម្បីឲ្យខេត្តគោលដៅទាំង៥រួមមាន ស្វាយរៀង កំពង់ស្ពឺ កែប កំពង់ឆ្នាំង និងព្រៃវែង ឲ្យក្លាយជាខេត្ត Open Defection Free (ODF) នៅឆ្នាំ២០២៣។
លោកថែមទាំងជំរុញ ដល់មន្ត្រីនៅតាមរាជធានី និងខេត្តដទៃទៀត ឲ្យយកចិត្តទុកដាក់លើការងារនេះបានសកម្មផងដែរ ដោយប្រមូលផ្តុំលើការងារអប់រំផ្សព្វផ្សាយ និងការងារសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ។
លោក ចាន់ ដារ៉ុង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមចំណែកថែរក្សា និងប្រើប្រាស់ ឲ្យបានសមស្របនូវសមិទ្ធិផលទាំងឡាយ ដែលបានផ្តល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា មានដូចជាអណ្តូងទឹក ស្រះទឹកឲ្យបានល្អ ដើម្បីបានប្រើប្រាស់យូរអង្វែង និងសូមឲ្យចាត់ទុកសមិទ្ធិផលទាំងនោះ ជាសមិទ្ធិផលរបស់ខ្លួន។
លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ មេត្តាទុកដាក់ទឹកសម្រាប់ប្រើប្រាស់ ឲ្យបានត្រឹមត្រូវ និងនាំគ្នាដាំទឹក ឲ្យបានពុះសិនមុននឹងបរិភោគ។ លើសពីនេះ សូមមេត្តាលាងដៃនឹងសាប៊ូ ឬផេះ ក្រោយពេលចេញពីបន្ទប់ទឹក និងមុនពេលចាប់កាន់ចំណីអាហារដើម្បីបរិភោគ។
អ្នកនាំពាក្យរូបនេះ ក៏សំណូមពរដល់ប្រជាពលរដ្ឋ មេត្តាចូលរួមទប់ស្កាត់រថយន្ត ដែលផ្ទុកទម្ងន់លើសកម្រិតកំណត់ ដែលបើកលើបណ្តាញផ្លូវជាតិជនបទ តាមរយៈការផ្តល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ក្នុងចំណុចនេះ លោកបានអះអាងថា ក្រសួងនឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំបែបបទ និងវិធីសាស្ត្របង្កើតផែនការមេ សម្រាប់អភិវឌ្ឍន៍ផ្លូវថ្នល់ ការរៀបចំប្លង់ និងការកំណត់អាទិភាពគម្រោង។
សូមជម្រាបថា មកដល់ចុងឆ្នាំ២០១៩ ប្រជាពលរដ្ឋនៅជនបទប្រហែល៨០ភាគរយ បង្គន់អនាម័យប្រើប្រាស់ និង៦៥ភាគរយមានទឹកស្អាតប្រើប្រាស់ ខណៈកម្ពុជាដាក់ចេញផែនការ សម្រេចឲ្យបានគោលដៅប្រជាពលរដ្ឋរស់នៅតាមទីជនបទ មានទឹកស្អាតប្រើប្រាស់ និងបង្គន់អនាម័យ១០០% នៅឆ្នាំ២០២៥៕