(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៩-២០២០ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដែលបានប្រារព្ធឡើង នៅសាខាគណបក្សរាជធានីភ្នំពេញ។
អង្គសន្និបាតបានមានដំណើរការដោយមានសមាជិកា ចូលរួមសរុបចំនួន៣៥០នាក់ ដែលមកពីគណៈកម្មាធិការកណ្តាល សមាគមនារី គណៈចលនាស្ត្រី សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិការាជរដ្ឋាភិបាល ប្រធានកិត្តិយសសមាគម ថ្នាក់ដឹកនាំនារីក្រសួង ស្ថាប័ន រាជធានី ខេត្ត សប្បុរសជន និងមន្ត្រីរបស់សមាគមនារី ។
យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅសម្រាប់ឆ្នាំ២០២០ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី បានបង្ហាញថា៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តីគ្រប់លំដាប់ថ្នាក់បានប្រមូលផ្ដុំកម្លាំង ធនធាន ថវិកា និងមធ្យោបាយ ដើម្បីការងារបក្ស ការងារសង្គម ការងារអភិវឌ្ឍន៍សហគមន៍ នៅតាមមូលដ្ឋាន និងមុខសញ្ញាដែលទទួលខុសត្រូវ ដោយមិនខ្លាចការលំបាកនឿយហត់ ដើម្បីឲ្យប្រជាពលរដ្ឋយល់កាន់តែ ច្បាស់ និងរួមគ្នាថែរក្សានូវសន្តិភាព និងសមិទ្ធិផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលគណបក្សប្រជាជន បានពុះពារឆ្លងកាត់ឧបសគ្គរាប់ម៉ឺនជំពូកក្នុងរយៈពេល ៤០ឆ្នាំកន្លងមក និងកសាងកម្ពុជាឲ្យក្លាយ ទៅជាប្រទេសមួយ ពោរពេញទៅដោយសុខសន្តិភាព និងមានការចម្រើនគ្រប់វិស័យ។ និយាយរួមរាល់សកម្មភាព របស់សមាគមនារីនិងគណៈចលនាស្ត្រី សុទ្ធបានរួមចំណែកឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានធ្វើឲ្យប្រជាពល រដ្ឋមានជំនឿកាន់តែរឹងមាំមកលើការដឹកនាំ របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជន។
នៅក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការរៀបចំសន្និបាតបូកសរុប និងទិសដៅសម្រាប់សមាគមនារី និងផែនការអនុវត្តឆ្នាំមានគោលបំណង ៖
* បូកសរុបត្រួតវាយតម្លៃលទ្ធផល នៃការបំពេញឆ្នាំ២០១៩កន្លង។
* ពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗ ចំណុចខ្វះចន្លោះបញ្ហា និងដំណោះ ស្រាយ។
* លើកទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ឆ្នាំ២០១៩កន្លងមក សមាគមនារីគ្រប់លំដាប់ថ្នាក់ បានអនុវត្តន៍សម្រេចបានជោគជ័យ ផែនការរបស់ខ្លួន ក្នុងការលើកកម្ពស់ស្ថានភាព ដោយបង្កើនការជឿទុកចិត្ត និងពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាអ្នកដឹកនាំដែលមានភាពម្ចាស់ការ និងមានសិទ្ធិក្នុងការទទួល បានដោយសមធម៌ នូវធនធាននិងផលប្រយោជន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយជោគជ័យទាំងនេះ បានរួមចំណែកយ៉ាងធំធេង
ដល់ការពង្រឹងភាពរឹងមាំរបស់គណបក្ស និងការរីកចម្រើនរបស់ប្រទេសជាតិ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង ដើម្បីរក្សាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ការគោរពសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋក្នុងការចូលរួម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធ៌ម សាសនា។ ដំណើការកែទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយត្រូវបានជម្រុញអនុវត្តដោយឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព កំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ ប៉ាន់ប្រមាណ៧.១% រួមនឹងការបែងចែកផ្លែផ្កាដោយសមធ៌ម ក្នុងក្របខ័ណ្ឌសង្គមទាំងមូលដែលធ្វើឲ្យ ជីវភាពប្រជាជន កាន់តែប្រសើរឡើង ហើយក្នុងនោះគោលនយោបាយជាតិគាំពារសង្គម ត្រូវបានជម្រុញខ្លាំង ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គមព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរិមា។
តាមរយៈអង្គសន្និបាតនេះ ពិតជាមានមោទនភាព និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេង ដែលគណៈចលនាស្ត្រី និងសមាគមនារីសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ សមិទ្ធិផលនេះបានរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កែលំអរជីវភាពរស់នៅរបស់ប្រជាជន មានភាពកាន់តែល្អប្រសើរឡើង កាត់បន្ថយបានបាតុភាពអសកម្ម ក្នុងសង្គម និងរក្សាបាននូវសន្តិភាព សុវត្ថិភាព និងស្ថិរភាព ធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជន ។
សមាជិកាអង្គសន្និបាត បានពិភាក្សាយ៉ាងផុលផុស ទៅលើរបាយការណ៍ និងទិសដៅអនុវត្តបន្តព្រម ទាំងផ្តល់អនុសាសន៍ សំណូមពរ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាព បោះឆ្នោតឆ្នាំ២០២២-២០២៣ និងអនុវត្តផែនការសកម្មភាព របស់គណៈចលនាស្ត្រី និងសមាគមនារីឲ្យទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន បញ្ជាក់ទៀតថា យោងតាមផែនការសកម្មភាពរបស់គណៈចលនាមហាជន និងទិសដៅភារកិច្ចឆ្នាំ២០២០ របស់សន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ និងអនុសាសន៍ដ៏មានសារៈសំខាន់សម្តេចតេជោ ហ៊ុន សែន សមាគមនារីតាមរយៈសន្និបាតនេះ បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន សម្រាប់ឆ្នាំ២០២០នេះ ៕