(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យពិនិត្យ និងចាត់វិធានការបន្ទាន់ទៅលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា។
សម្តេចតេជោ បានលើកឡើងថា វីដេអូទាំងនេះនាំឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ។ បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវិមានសន្តិភាព។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងប្រៃនីយ និងទូរគមនាគមន៍ ចាត់វិធានការបិទគណនី Facebook ទាំងឡាយ ដែលផ្សាយលក់ផលិតផលដោយបង្ហាញកេរ្តិ៍ខ្មាសផងដែរ។ ចំពោះករណីនេះអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។
សម្តេចតេជោ បានចាត់ទុកថា ការផ្សាយលក់ផលិតផលដោយបង្ហាញកេរ្តិ៍ខ្មាសរបស់ស្រ្តីខ្មែរ ជាការប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរ ហើយអាចបង្កជាបទល្មើសដូចជាការចាប់រំលោភជាដើម៕