(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ស្តីពីការណែនាំអនុវត្តអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ប្រកាសនេះ មានគោលដៅកំណត់នីតិវិធីលក្ខខណ្ឌ យន្តការ និងទម្រង់នានាពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។
ការលើកទឹកចិត្តផ្នែកពន្ធដារដូចមានចែងក្នុងប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពដូចខាងក្រោម៖
១៖ ផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម
២៖ ផលិត និងកែច្នៃម្ហូបអាហារ
៣៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
៤៖ កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត
៥៖ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
៦៖ សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់៕