(ព្រះសីហនុ)៖ លោក នី ផល្លី អនុរដ្ឋលេខាធិការ និងជាតំណាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ចាក់ថា ខេត្តព្រះសីហនុ នៅតែជាគោលដៅសម្រាកលម្ហែកម្សាន្តតំបន់ឆ្នេរសមុទ្របែបផាសុកភាពប្រកបដោយសុវត្ថិភាព។
ការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារឃ្វីនកូ ក្រុងព្រះសីហនុ នាឱកាសសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីវិធានការទប់ស្កាត់បង្ការជំងឺកូរ៉ូណាថ្មីដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ខេត្តព្រះសីហនុ។
លោក នី ផល្លី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងសភាពការណ៍ បានយ៉ាងល្អពីការរាតត្បាតនៃជំងឺកូរ៉ូណាតាមរយៈយន្តការបង្ការ ទប់ស្កាត់ និងឆ្លើយតបនៅក្របខណ្ឌទូទាំងប្រទេសជារួម និងនៅខេត្តព្រះសីហនុដោយឡែក ដោយសហការយ៉ាងជិតស្និតជាមួយនឹងអង្គការសុខភាពពិភពលោក WHO និងស្ថាប័នអន្តរជាតិនានាទៀតពាក់ព័ន្ធដូចជា USCDC របស់សហរដ្ឋអាមេរិកជាដើម។
សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីវិធានការបង្ការទប់ស្កាត់ពីជំងឺកូរ៉ូណាថ្មី បានរៀបចំឡើងដោយក្រសួងទេសចរណ៍ តំណាងដោយ លោក នី ផល្លី អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ឈិន សេងងួន អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ និងបណ្តាញយុវជនផងដែរសរុបប្រមាណជាង២០០នាក់។ ក្រៅពីការផ្សព្វផ្សាយនិងបណ្តុះបណ្តាល អង្គសិក្ខាសាលាក៏បានពិភាក្សាពីបញ្ហាប្រឈមនានា និងដំណោះស្រាយសមស្រប ដើម្បីជំរុញដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។
ស្របជាមួយគ្នា លោក នី ផល្លី បានផ្តល់ជាអនុសាសន៍ក្នុងការកែប្រែបញ្ហាប្រឈមនេះ ទៅជាឱកាសតាមរយៈការពង្រឹងចំណុចខ្លាំងនានា ដូចជាការពង្រឹងគុណភាពសេវាកម្ម ភាពស្អាត និងអនាម័យនៅគ្រប់ចង្វាក់ផលិតកម្មទាំងអស់នៅក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកសម្រាកកម្សាន្ត ក៏ដូចជាក្នុងតំណាក់កាលនេះ បុគ្គលិកអាចឆ្លៀតពេលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសំដៅធានាបាននូវការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ។
គួរបញ្ចាក់ថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ទាក់ទាញ ពោរពេញដោយសក្តានុពលដ៏សំបូរបែរ ហើយការកម្សាន្តនៅឆ្នេរសមុទ្រប្រៀបបានដូចជាការថែរក្សា និងបង្កើនសុខភាព និងភាពរឹងមាំនៃសរីរាង្គរបស់មនុស្ស៕