(ភ្នំពេញ)៖ អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានទទួលអំណោយមនុស្សធម៌ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលា ពីលោកឧកញ៉ា ភឿ គឹមហ៊ាង ប្រធានក្រុមហ៊ុន ស៉ី អេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក និងដៃគូសហការ។
អំណោយរបស់លោកឧកញ៉ា ភឿ គឹមហ៊ាង ផ្ដល់ជូនអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង រួមមាន៖ អំពូលសូឡា ចំនួន១០ដើម, ស៉ីម៉ង់៤០០បាវ សម្រាប់ស្ថាបនាផ្លូវបេតុង ក្នុងបរិវេណសាលា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងជួយសម្រួលដល់ការធ្វើដំណើររបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅក្នុងរដូវវស្សា និងផ្ដល់អំណោយជូនសិស្សជួបការលំបាក១០០នាក់ រួមមាន សៀវភៅ៥ក្បាល, ប៊ិច២ដើម, ខ្មៅដៃ១ និងថវិកា២ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុ ម៉ាលី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ភឿ គឹមហាង និងដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភសម្ភារផ្សេងៗ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលារៀន។ លោកនាយកសាលា បានចាត់ទុកថា នេះជាទឹកចិត្តដ៏ល្អរបស់វិស័យឯកជន មកលើគ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលជាកន្លែងបណ្ដុះបណ្ដាលដ៏សំខាន់ៗ។
ជាមួយគ្នានេះ លោកឧកញ៉ា ភឿ គឹមហ៊ាង បានគូសបញ្ជាក់ថា ដើមចមដែលនាំឲ្យលោកចូលរួមឧបត្ថម្ភ ដល់អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុងនេះ គឺផ្ដើមចេញពីការបោះឆ្នោតនាពេលកន្លងទៅ លោកបានមកបោះឆ្នោតនៅក្នុងសាលានេះ ហើយឃើញសាលាជួបការលំបាក និងមានការស្នើពីអ្នកគ្រួម្នាក់ បង្រៀននៅសាលានេះ ទើបលោកចូលរួមឧបត្ថម្ភតែម្ដង។
លោកអះអាងថា ការឧបត្ថម្ភមិនមែនបញ្ចប់ត្រឹមថ្ងៃនេះនោះទេ ពោលលោកនឹងចូលរួមឧបត្ថម្ភជាបន្ដបន្ទាប់ទៀត ទៅតាមលទ្ធផលភាពដែលអាចធ្វើទៅតាម ដើម្បីឲ្យអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង កាន់តែមានសោភ័ណ្ឌល្អ និងរីកចម្រើនជាងនេះទៅទៀត។
គួរជម្រាបថា អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ក៏ទទួលបានអំណោយពីសប្បុរសជនផ្សេងទៀតផងដែរ រួមមាន អ្នកស្រី វុធ ស្រីលែត, លោកគ្រូ ហែម ថុនពន្លឺ, អ្នកគ្រូ តុល សំបាត់, លោកគ្រូ អ្នកគ្រូ បឋមសិក្សាពោធិ៍ចិនតុង, ឧបាសិកា អៀម សាមឿន, ក្រុមប្រឹក្សាភិបាលកុមារ និងយុវជន អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង, លោក សៅ វ៉ា និងភិរយា និងអាណាព្យាបាលសិស្សឈ្មោះ អេង ធន់លាភ។
យោងតាមរបាយការណ៍របស់លោក ហេង ស៊ុនលី នាយករងអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បានឲ្យដឹងថា អនុវិទ្យាល័យនេះ ស្ថិតនៅរួមគ្នាជាមួយបរិវេណបឋមសិក្សា ហ៊ុន សែន ពោធិ៍ចិនតុង ដោយចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៧ ដែលកាលនោះមានអគារសិក្សាមួយខ្នង។ រហូតមកដល់ឆ្នាំ២០១៧ សាលាបានអគារសិក្សាមួយខ្នង កម្ពស់៤ជាន់ ១២បន្ទប់ ជាអំណោយរបស់ JICA។
លោក ហេង ស៊ុនលី បានបញ្ជាក់ទៀតថា បច្ចុប្បន្នអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង មានសិស្សកំពុងសិក្សា ចំនួន១២,០០នាក់ និងគ្រូបង្រៀន៦១នាក់។
លោកបានអះអាងថា ចាប់តាំងពីដំណើរការមក គណៈគ្រប់គ្រងសាលាបានខិតខំគៀងគររកសប្បុរសជន ដើម្បីអភិវឌ្ឍន៍សាលារៀន សំដៅធ្វើយ៉ាងណាឲ្យសាលាកាន់តែមានការរីកចម្រើនបន្ថែមទៀត និងបង្កើនជំនឿទុកចិត្តពីឪពុក ម្ដាយ ឬអាណាព្យាបាលសិស្ស ដែលមានកូនសិក្សានៅក្នុងសាលា៕