(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធាន «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី» បានគូសបញ្ជាក់ថា ស្រ្តីដែលកំពុងជាប់ឃុំនៅពន្ធនាគារនាពេលបច្ចុប្បន្ននេះភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់ការងាឆ្នាំថ្មី ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី អ៉ឹង កន្ថាផាវី បានឱ្យដឹងថា ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងក្រសួងកិច្ចការនារី បានចុះពិនិត្យស្ថានភាពស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន២៨ នៅទូទាំង២៥រាជធានី-ខេត្ត។ តាមស្ថិតិនៃការចុះពិនិត្យនោះ បានរកឃើញថា ស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងនឹងគ្រឿងញៀន ដូចជាជួញដូរ ចែកចាយ និងរក្សាទុក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានស្រ្តីជាង ៣ពាន់នាក់កំពុងជាប់ពន្ធនាគារនាពេលបច្ចុប្បន្ន ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៦,០០០នាក់។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយកាលពីខែមិថុនា ឆ្នាំ២០១៩ ដោយតម្រូវឱ្យក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី បន្តពិនិត្យលទ្ធភាព និងបង្កើនកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតឱកាសការងារ និងធ្វើឱ្យប្រសើរឡើងនូវសុខភាព អនាម័យសម្រាប់អ្នកទោសជាស្រ្តី។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកស្រី អ៉ឹង កន្ថាផាវី
ក្រៅពីនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងតាមមណ្ឌលកែប្រែអប់រំចំនួន៣មណ្ឌល និងបានចុះស៊ើបអង្កេត និងដោះស្រាយករណីពាក់ព័ន្ធជាមួយស្ត្រីនៅក្នុងពន្ធនាគារតាមរយៈការផ្តល់សេវាមេធាវី។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា នៅឆ្នាំ២០១៩ សមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាង ៩ពាន់ករណី ដោយឃាត់មនុស្សជាង ២ម៉ឺននាក់ ដកហូតថ្នាំញៀនជាង៧២០គីឡូក្រាម។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនជាង ២ម៉ឺននាក់នេះ មានស្ត្រីជាង១ពាន់នាក់។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែបន្ដប្រឈមនូវបញ្ហាគ្រឿងញៀន ដោយសារតែបញ្ហា នៃការផលិតគ្រឿងញៀននៅលើពិភពលោក។
លោក មាស វីរិទ្ធ បានបន្ថែមថា ក្រុមឧក្រិដ្ឋជននៅតែព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយ គ្រប់សកម្មភាព គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីចរាចរណ៍គ្រឿងញៀន ពីតំបន់ផលិតទៅរកទីផ្សារ ដែលមានការប្រើប្រាស់គ្រឿងញៀន ហើយមានតម្លៃខ្ពស់។ លោកបានអះអាថា កម្ពុជាគេចមិនផុតឡើយ សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាទីកន្លែងឆ្លងកាត់។ ដូច្នេះកម្ពុជា នៅតែប្រឈមបញ្ហាមួយចំនួន ដែលត្រូវតែបន្ដការយកចិត្ដទុកដាក់៕