(ភ្នំពេញ)៖ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបន្តដឹកនាំក្រុមការងារយកគ្រឿងឧបភោគបរិភោគ និងថវិកាសង្គ្រោះបន្ទាន់មួយ ដើម្បីមកជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ ចំនួន២៩គ្រួសារ ក្នុងការជួយដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ទាំងអស់គ្នា ត្រូវអគ្គិភ័យឆាបឆេះ។
គ្រោះអគ្គិភ័យ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងអាជ្ញាធរមានសមត្ថកិច្ច មកជួយអន្តរាគមន៍ ស្ថិតនៅក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។
សកម្មភាពមនុស្សធម៌របស់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ខាងលើនេះមានការអញ្ជើញចូលរួមជាកិត្តិយស ពីលោក លោកស្រី គណៈកិត្តិយសអនុសាខា សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា មេភូមិ ព្រមទាំង យុវជន សសយក អមត និង ក.ក្រ.ក មួយចំនួនទៀតផងដែរ។
ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើត មានឡើងជាយថាហេតុ ដោយសារការធ្វេសប្រហែសណាមួយ។
លោកបាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមាន ប្រជាពលរដ្ឋ ជួបរាល់ហានិភ័យផ្សេងៗ ដែលងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមជម្រាបថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង០១៖៥៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៤ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យបំផ្លាញដំបូង ប្រភេទឈើប្រកស័ង្កសី ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ និងបានឆេះរាលដាលដល់ផ្ទះចំនួន៤ ព្រមទាំងសាលារៀនចំនួន២បន្ទប់ផងដែរ ខណៈមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន, រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន, រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៥គ្រឿង មិនបានប្រើប្រាស់ទឹក និងរថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕