(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ ប្រកាសថ្មីមួយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រកាសនេះ មានគោលដៅដាក់ឲ្យអនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ប្រទេស និងតំបន់ចំនួន៩រួចមកហើយ គឺចុះហត្ថលេខាជាមួយសាធារណរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណរដ្ឋប្រជាមានិតចិន, ព្រះរាជាណាចក្រថៃ, សាធារណរដ្ឋសង្គមនិយមរៀតណាម, សាធារណរដ្ឋឥណ្ឌូណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុង របស់សាធារណរដ្ឋប្រជាមានិតចិន, ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង៕