(កំពត)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពត ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ពីបទ «សង្ស័យលើករណីឃាតកម្ម»។
មន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ជួប វិបុល អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ រីឯជនរងគ្រោះ ដែលត្រូវជនសង្ស័យខាងលើសម្លាប់មានឈ្មោះ ហេង នី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលបន្តថា ជនសង្ស័យបានសម្លាប់ជនរងគ្រោះ នៅចន្លោះពីម៉ោង ៧៖៣០នាទីទៅម៉ោង៩ ៖៣០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ។
ក្រោយពីធ្វើសកម្មភាពសម្លាប់លើជនរងគ្រោះរួចហើយ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយមកលាក់ខ្លួននៅស្រុក ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ដោយសារមានការសហការផ្តល់ព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ចាម មកសមត្ថកិច្ចខេត្តកំពត ទើបកម្លាំងសមត្ថកិច្ចខេត្តកំពតស្រាវជ្រាវតាមឃាត់ខ្លួនបានតែម្តង។
តាមសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការសាកសួរនាំគឺជនសង្ស័យខាងលើ មិនព្រមសារភាពប្រាប់សមត្ថកិច្ចនូវទង្វើដែលខ្លួនបានប្រព្រឹត្តមកលើជនរងគ្រោះនោះទេ ទោះបីជនសង្ស័យ មានស្លាកស្នាមក្រចក មុតសុះសាច់ពេញខ្លួន ដែលសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យថា ពិតជាស្នាមក្រចករបស់ជនរងគ្រោះប្រាកដមែន។
សមត្ថកិច្ចរូបនេះបន្តទៀតថា ទោះបីមានចម្លើយសារភាព ឬមិនសារភាពក៏ដោយចុះ គឺជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពត ត្រៀមបញ្ជូនខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ចាមវិញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមសមត្ថកិច្ចបញ្ជាក់ចុងក្រោយថា ក្រោយពីមានករណីឃាតកម្មលើជនរងគ្រោះនេះកើតឡើង ជនរងគ្រោះបានបាត់បង់ខ្សែមាស១ខ្សែ ទម្ងន់ប្រហែល១តំឡឹងនិងខ្សែដៃមាស១ខ្សែ ទម្ងន់១តំឡឹង ២ជី៕