(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះនាវាទេសចរណ៍វ៉េស្ទើដាម (MS Westerdam) ដែលជាក្រុមហ៊ុនសហរដ្ឋអាមេរិកដឹកអ្នកទេសចរណ៍២២៥៧នាក់ រួមមាន៤១ ជាតិសាសន៍ ដែលបានរសាត់អណ្ដែតលើផ្ទៃមហាសមុទ្រសាគរគ្មានកោះត្រើយរយៈពេល១៣ថ្ងៃ បន្ទាប់ពីរបណ្ដាប្រទេសនិងកោះមួយចំនួន មានដូចជា៖ ជប៉ុន, កូរ៉េខាងត្បូង, ហ្វីលីពីន, ថៃ, កោះហ្គាំ(សហរដ្ឋអាមេរិក), អាជ្ញាធរតៃវ៉ាន់ បានបិតព្រំដែនពុំអនុញ្ញាតឲ្យចូលចត ពីព្រោះតែខ្លាចឆ្លងជំងឺមេរោគកូរ៉ូណាថ្មី ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន មានទឹកចិត្ដមនុស្សធម៌អនុញ្ញាតឲ្យចូលចតកំពង់ផែខេត្ដព្រះសីហនុកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០មកនេះ ។
ក្នុងគោលបំណងជួយសង្រ្គោះជីវិតអ្នកដំណើរ ហើយបានធ្វើឲ្យសាធារណៈមតិជាតិ និងអន្ដរជាតិពាសពេញពិភពមានការសាទរយ៉ាងរំជួលចិត្ដនោះ គឺចំពោះ «ទឹកចិត្ដមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាសម្ដេចតេជោនេះ បានចារឹកជាប់នាវា Westerdam » ។ ដោយហេតុថាបើពុំមានការជួយសង្រ្គោះពីសម្ដេចតេជោ ឲ្យនាវានេះចូលចតទាន់ពេលវេលានោះទេគេពុំដឹងថា តើវាសនាអ្នកដំណើរលើនាវានេះនឹងក្លាយទៅជាយ៉ាងណានោះទេ? ពីព្រោះចំណីអាហារសម្រាប់ត្រៀមបំរុងមានត្រឹមរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅពេលពួកគេបានជួបសម្ដេចតេជោ ដោយសម្ដេច បានជូនវត្ថុអនុស្សាវរីយ៍មានក្រមា និងផ្កាក្រលាបម្នាក់១ ក្នុងន័យបង្ហាញពីសេចក្ដីស្រលាញ់ដ៏ស្មោះ ដោយពុំមានការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនានោះ។ យើងឃើញថាបងប្អូនអ្នកទេសចរណ៍ទាំងអស់ បានសម្ដែងនូវទឹកមុខសប្បាយរីករាយ រហូតមានបងប្អូនសញ្ជាតិអាមេរិកខ្លះយំអោបសម្ដេច ឬអ្នកខ្លះទៀតបានក្រាបក្បាលដល់ដី ដោយបង្ហាញពីអារម្មណ៍អររំភើបដែលពួកគេបានរួចផុតពីសេចក្ដីស្លាប់នេះឯង។
បើដូចនេះ ចំពោះទឹកចិត្ដមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាសម្ដេចតេជោនេះ គឺបានចារឹកជាប់នាវាWesterdam នេះឯង។ មានន័យថា «បើកាលណាគេឃើញ ឬធ្វើដំណើរកំសាន្ដ ឬជួបឧបសគ្គអ្វីមួយលើនាវា Westerdam គេនឹកឃើញដល់សម្ដចតេជោ » យ៉ាងដូច្នោះដែរ។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះទឹកចិត្ដមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាសម្ដេចតេជោ រហូតធ្វើឲ្យរំជួលចិត្ដដល់មេដឹកនំាធំៗលើពិភពលោក ជាអាទិ៍៖មេដឹកនំាសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, អង្គទូតនានាប្រចំាកម្ពុជា, អង្កការសុខភាពពិភពលោក(WHO), អង្គការទេសចរណ៍ពិភពលោក(UNWTO), ជាតិសាសន៍នានាជុំវិញពិភពលោក ជាពិសេសជាតិសាសន៍ អ្នកធ្វើដំណើរលើនាវានេះផ្ទាល់តែម្ដង គឺម្នាក់ៗសុទ្ធតែបញ្ចេញនូវសារតាមរយៈTwiter ឬ Facebook ផ្ទាល់ខ្លួន ដោយបង្ហាញសារចេញពីបេះដូងរបស់ពួកគេថា «អរគុណសម្ដេចតេជោ ឬអរគុណកម្ពុជា»។
អ្វីធ្វើឲ្យយើងរំភើបថែមទៀតនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា បានបង្ហោះសារតាមTwiter ដ៏មានអត្ថន័យថា «សូមអំណរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង និងថាសហរដ្ឋអាមេរិកនឹងចងចំាអំពើល្អរបស់កម្ពុជា»។
បើដូច្នេះចំពោះសារទំាងអស់នេះ ជាគុណតម្លៃសម្ដែងនូវការដឹងគុណពីបណ្ដាប្រជាជាតិនានាជុំវិញពិភពលោក មកលើសម្ដេចតេជោ ឬកម្ពុជា។ លោក រត្ន័ សណ្ដាប់ បន្ដទៀតថាហើយអ្វីដែលកម្ពុជា ជួយសង្រ្គោះនាវា Westerdamនេះ គឺពុំមែនមានន័យថាកម្ពុជាក្លាហាន ឬពុំខ្លាចឆ្លងមេរោគកូរ៉ូណាថ្មីនោះទេ។
កម្ពុជាក៏ខ្លាចដូចបណ្ដាប្រទេសនានានោះដែរ។ តែអ្វីដែលកម្ពុជាប្រកាន់យកនោះ គឺស្មារតីគុណតម្លៃមនុស្សធម៌ ជួយសង្រ្គោះជីវិតមនុស្សលើវានាវាជាចម្បង និងវិធានការណ៍ការពារ ប្រជាពលរដ្ឋខ្លួនសព្វបែបយ៉ាងផងដែរ។ បានសេចក្ដីថា«កម្ពុជាពុំប្រកាន់យកស្មារតីភ័យខ្លាចអាត្មានិយម ដោយរើសយកវិធានការណ៍រុញនាវានេះ ឲ្យរសាត់អណ្ដែតកណ្ដាលមហាសមុទ្រសាគរដ៏ធំធេងគ្មានកោះត្រើយ» នោះទេ។ ត្រង់ចំណុចនេះហើយជា «គុណតម្លៃរបស់កម្ពុជា» នោះ។
អ្វីបញ្ជាក់យ៉ាងច្បាស់នោះយើងឃើញថា សម្ដេចតេជោ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី១៤ កុម្ភៈនេះ គឺសម្ដេច បានជួបសំណោះសំណាលផ្ទាល់ជាមួយបងប្អូននៅលើនាវានេះមុនគេបង្អស់។ ក្នុងន័យប្រាប់ថា «បើបងប្អូនលើនាវាមានផ្ទុកមេរោគកូរ៉ូណាថ្មី ដោយប្រការណាមួយនោះ គឺសម្ដេចសុខចិត្ដទទួលយកការឆ្លង ឬស្លាប់ មុនប្រជាពលរដ្ឋខ្លួន» ទៅចុះ ។ បានន័យថា «សម្ដេចតេជោ សុខចិត្ដលះបង់ជីវិតដើម្បីមនុស្សជាតិលើវានានេះ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ឆ្លងមុន ឬស្លាប់មុន» នោះទេ។ នេះគឺបង្ហាញពីការទទួលខុសត្រូវចំពោះប្រជាជាតិ មាតុភូមិដ៏អស្ចារ្យ។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាចំពោះអ្នកដំណើរលើនាវា Westerdam នេះ បើនិយាយពីវាសនាអភ័ព្វវិញ គឺស្ទើរអភ័ព្វជាងនាវាដឹកអ្នកដំណើរទីតានីច (Titanic) របស់ក្រុមហ៊ុនចក្រភពអង់គ្លេស ដ៏ធំស្កឹមស្កៃនិងប្រណិតជាងគេលើពិភពលោក ដែលបានដឹកអ្នកដំណើរ២២២៣នាក់ ធ្វើដំណើរផ្លូវដ៏វែងឆ្ងាយ ហើយបានលិចនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិកដោយការប៉ះទង្កិចផ្ទំាងទឹកកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២នោះទៅទៀត។
ពីព្រោះតែនាវាទេសចរណ៍ Westerdamនេះ គឺត្រូវបានបណ្ដាប្រទេសនានា រើសអើងនិងរុញឲ្យរសាត់អណ្ដែតកណ្ដាលមហាសមុទ្រសាគរ ក្លាយជានាវាអនាថាអស់រយៈពេល១៣ថ្ងៃ គឺប្រៀបដូចគេបិតពីពិភពមនុស្ស ហើយដាក់ឲ្យស្ថិតក្នុងផ្ទៃមេឃងងឹតសូន្យសុង គ្មានពន្លឺព្រះអាទិត្យ ព្រះចន្ទ ឬហ្វូងតារាយ៉ាងដូច្នេះដែរ៕