(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា, ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍, ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) បានជំរុញឱ្យកីឡាករក្វាន់ដូទាំងអស់ ទោះបីធ្លាប់ប្រកួតបានមេដាយមាស ឬមេដាយផ្សេងក៏ដោយ ត្រូវប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញជា អធិបតីភាពក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី៥ បន្តអាណត្តិទី៦ ប្រចាំឆ្នាំ២០២០-២០២៤ របស់សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងកម្សត់កម្រជាមួយគ្នាណាស់ អីចឹងគួរតែកូនៗទាំងអស់គ្នា រួបរួមគ្នាបន្តទៀត នៅពេលដែលយើងបានមេដាយមាស ហើយកុំឱ្យបែកគ្នា គ្រូចង់ឱ្យសហព័ន្ធតេក្វាន់-ដូ អាធីអែហ្វ ទោះអ្នកណាបានមេដាយមាស ក្នុងកម្រិតណាក៏ដោយ មិនត្រូវមានមោទនភាពពេកទេ គឺត្រូវតែទៅហាត់បន្ត និងចេះដាក់ខ្លួន ហើយនៅតែរួបរួមផ្ទៃក្នុងជាធ្លុងមួយ បន្តលើកស្ទួយជីវភាព ជាពិសេសតេក្វាន់-ដូ អាធីអែហ្វ ឱ្យខ្លាំងមែនទែន»។
លោក កែវ រ៉េមី បានបន្តថា សម្រាប់ការប្រឹងប្រែងហ្វឹកហាត់បន្ថែមក្បាច់គុនតេក្វាន់-ដូ ឱ្យខ្លាំង គឺមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជារបស់ខ្លួននោះទេ គឺត្រូវខិតខំពង្រីកក្បាច់គុនតេក្វាន់-ដូ នៅលើឆាកអន្តរជាតិ។
លោក កែវ រ៉េមី បានបន្ថែមទៀតថា ជាក់ស្តែងក្បាច់គុនតេក្វាន់-ដូ អាយធីអែហ្វរបស់កម្ពុជា បានបន្លឺសំឡេងភ្លេងជាតិយើងនៅលើឆាកអន្តរជាតិ ដែលធ្វើបណ្តាប្រទេស ដែលបានចូលរួមប្រកួតថ្នាក់អន្តរជាតិទាំងអស់ បានស្គាល់កម្ពុជា កាន់តែច្បាស់បន្ថែមទៀត តាមរយៈក្បាច់គុនតេក្វាន់-ដូនេះ ផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះហើយ ទើបថ្មីៗនេះ ក្នុងនាមប្រទេសកម្ពុជា លោកត្រូវបានអង្គសមាជតេក្វាន់ដូ នៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងចំណោមប្រទេស១២០ ជាសមាជិកនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញពីកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិទាំងមូល ឱ្យស្គាល់ពីកម្ពុជា៕