(មណ្ឌលគិរី)៖ លោក ស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បង្គោលខណ្ឌសីមាព្រំដែនចំនួន២២៩ និងផ្លូវក្រវាត់ ព្រំដែនក្រាលក្រួសក្រហមប្រវែង ៦៣គីឡូម៉ែត្រ ឆ្លងកាត់ស្រុកអូររាំង ពេជ្រាដា និងកែវសីមា នៅខេត្តមណ្ឌលគិរី ត្រូវបានប្រគល់ឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធថែរក្សាការពារ។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យបង្គោល ព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ៦៣គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី រួមដំណើរដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានអនុគណៈកម្មាធិការព្រំដែនខេត្ត និងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ដែលជាអ្នកទទួលបន្ទុកសាងសង់បង្គោលព្រំដែន និងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀត ណាម។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចឲ្យរួមគ្នាថែរក្សាការពារសមិទ្ធិផល ដែលកើតចេញក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបានឋិតឋេរគង់វង់៕