(កំពង់ធំ)៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង សង់ពីឈើប្រកក្បឿង នៅក្នុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ ដែលចុះយកព័ត៌មាន នៅកន្លែងកើតហេតុ បានបញ្ជាក់ថា អគ្គិភ័យដ៏កំណាចនេះ ចាប់ផ្តើមឆាបឆេះនៅម៉ោងជិត៥ល្ងាច ដោយរាលដាលជាបន្តបន្ទាប់ បំផ្លាញផ្ទះចំនួន៤ខ្នងដែលសង់កៀកៗគ្នា ហើយរហូតដល់ម៉ោង៦ល្ងាចទៀតរលត់អស់។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ហើយចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ មានការបញ្ជាក់នៅឡើយទេ៕