(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ និងលោកស្រី ញឹក ស៊ីម ថោងខុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធពុទ្ធិសមិទ្ធផលជាច្រើន នៅក្នុងវត្តសម្ដេចជោតញ្ញាណ ហៅវត្តតាំងគោក ដែលមានតម្លៃសរុបជាង ៩ម៉ឺនដុល្លារ ព្រមទាំងទទួលបានថវិកាចូលរួមសទ្ធាបន្ថែមពីពុទ្ធបរិស័ទ និងសប្បុរសជននានាជាង ១៦,១០០,០០០រៀលទៀតផងដែរ។
វត្តសម្ដេចជោតញ្ញាណ ហៅវត្តតាំងគោក ជាវត្តមួយស្ថិតនៅភូមិតាំងគោក ឃុំសូរយោង ស្រុកតាំងគោក ស្របនឹងផ្លូវជាតិលេខ៦។ វត្តនេះមានអាយុកាល១៧៩ឆ្នាំមកហើយ ដែលកសាងឡើងដំបូងនៅលើផ្ទៃដីប្រមាណ ៣៤.៨៨ម៉ែត្រការ៉េ ចាប់ឆ្នាំ១៨៤១-១៩៧០ ក្រោមស្នាព្រះហត្ថរបសសម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម វត្តតាំងគោក ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ត្រូវរងនូវការបំផ្លិចបំផ្លាញអស់ជាច្រើន លុះដល់ក្រោយថ្ងៃរំដោះ ៧ មករា ទើបវត្តចំណាស់មួយនេះត្រូវបានរៀបចំកសាង និងមានព្រះសង្ឃគង់នៅជាថ្មីរហូតដល់ពេលបច្ចុប្បន្ន។
សមិទ្ធផលដែលត្រូវសម្ពោធទាំងនោះ រួមមាន៖ របងខាងកើតប្រវែង ៩៦ម៉ែត្រ របងខាងជើងប្រវែង ៩៥ម៉ែត្រ ស្រះទឹកបណ្ដោយ ៦៧ម៉ែត្រ គុណទទឹង ១២ម៉ែត្រ កញ្ចុះក្នុងស្រះទឹក ផ្លូវបេតុងប្រវែង ១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ តដំបូលសាលាឆាន់ ៤៤ម៉ែត្រ ចាក់ដី បង្គោលភ្លើង ៦០ដើម ធ្វើដងទង់ និងជ្វាលា ៦០ដើម និងជីកអណ្ដូងស្នប់ចំនួន ២ សរុបការចំណាយថវិកា ៩១,៨៣៩ដុល្លារ និង ១,៨០០,០០០រៀលបន្ថែមទៀត។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងនូវការសំណូមពរសូមឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមានជំហររឹងមាំ និងភាពជឿជាក់មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបន្តដឹកនាំការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនទៅមុខ។
លោកបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព មានអនាម័យ សម្អាតដៃជាប់ជាប្រចាំ ដោយឈរលើគោលការណ៍ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បន្តខិតខំការងារបង្កបង្កើនផលស្រូវ ដំណាំ ចម្ការ និងមុខរបរ ដើម្បីបង្កើនជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
លើសពីនេះ លោករដ្ឋមន្ត្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋមូលដ្ឋានថា មិនត្រូវធ្វើស្រែប្រាំងលើកទី២នៅឆ្នាំនេះ ព្រោះស្ថានភាពផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ហើយអាជ្ញាធរស្រុក ឃុំ ភូមិ មន្រ្តីជំនាញ សមត្ថកិច្ចមូលដ្ឋាន និងក្រុមការងារបន្តចុះពិនិត្យដោះស្រាយរកប្រភពទឹក និងបូមទឹកសម្រាប់ស្រោចស្រព និងជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ រហូតដល់រដូវប្រាំងខាងមុខនេះ ពិសេសអនុវត្តឲ្យបានហ្មឺងម៉ាត់នូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពី វិធានការរក្សាទឹកទុក។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានប្រគល់ថវិកាឧបត្ថម្ភដល់៖ វិទ្យាល័យ ហ៊ុន សែន តាំងគោកចំនួន១លានរៀល លោកតាជីយាយជីចំនួន១០០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់មួយដុំ និងថវិកា១ម៉ឺនរៀល។ ដោយឡែក លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី ញឹក ស៊ីម ថោងខុន ក៏បានឧបត្ថម្ភថវិកាសម្រាប់កសាងសមិទ្ធផល ក្នុងវត្តបន្តចំនួន ១០លានរៀលទៀតផងដែរ៕