(ភ្នំពេញ)៖ បើយើងក្រទ្បេកទៅមើលសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៩ ការរស់នៅរបស់ប្រជាជនមានលក្ខណៈជាសមូហភាព រីឯដីធ្លីទាំងអស់ត្រូវបានគ្រប់គ្រងដោយអង្គការខ្មែរក្រហម។
ចាប់តាំងពីរបបនេះត្រូវបានផ្តួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដីធ្លីត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលជាកម្មសិទិ្ធសមូលភាពដោយក្នុងស្ថានភាពពេលនោះ រដ្ឋបានអនុវត្តគោលនយោបាយក្រុមសាមគ្គីបង្កបង្កើនផល ប៉ុន្តែរដ្ឋបានហាមឃាត់ការទិញ លក់ បញ្ចាំ ប្រវាស់ ជួលដី និង/ឬជួលពលករធ្វើដី និងហាមផ្តាច់ការកាន់កាប់គាស់ រាន ឬឆ្ការព្រៃដោយគ្មានការអនុញ្ញាត រហូតដល់ឆ្នាំ១៩៨៩ ទើបរដ្ឋបានសម្រេចផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីដល់ពលរដ្ឋកម្ពុជា។
ទោះបីជារដ្ឋបានផ្តល់កម្មសិទ្ធិឯកជនក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយធ្វើការផ្តល់ដីឯកជនរបស់រដ្ឋជូនប្រជាពលរដ្ឋក្រីក្រ ដែលខ្វះទីលំនៅពិតប្រាកដ តាមរយៈគោលនយោបាយ ផ្តល់ដីសម្បទានសង្គមកិច្ច។
ដើម្បីយល់កាន់តែច្បាស់ថាតើ ដីសម្បទានសង្គមកិច្ចអាចត្រូវផ្តល់ឱ្យសម្រាប់គោលដៅអ្វីខ្លះ? តើប្រជាពលរដ្ឋត្រូវមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានដីសម្បទានសង្គមកិច្ច?
ដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព FRESH NEWS ក្រោមកិច្ចសហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី « សម្បទានដីសង្គមកិច្ច » មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច បានកើតទ្បើងតាមរយៈអនុក្រឹត្យលេខ ១៩អនក្រ/បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣។ ដីសម្បទានសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណង សង្គមកិច្ចដល់ជនក្រីក្រ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។
ដីសម្បទាន សង្គមកិច្ច អាចត្រូវផ្ដល់ឲ្យសម្រាប់គោលដៅសង្គមកិច្ច ដោយអនុលោមតាមគោលដៅណាមួយ ឬគោលដៅច្រើនដូចជា៖
ផ្តល់ដីដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន សម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ គ្រួសារ ដែលត្រូវផ្លាស់ប្ដូរទីលំនៅបណ្ដាលមកពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលីពិការ។
ក្រៅពីគោលដៅសង្គមកិច្ចនេះ គឺជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយសម្រួលដល់សម្បទានដីសេដ្ឋកិច្ច ដោយផ្ដល់ ដីឡូត៍ដល់កម្មករ ចម្ការធំៗសម្រាប់សង់លំនៅឋាន ឬសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងអភិវឌ្ឍតំបន់ ដែលពុំទាន់ត្រូវបានអភិវឌ្ឍសមស្រប។
ដីសម្បទានសង្គមកិច្ច ដែលត្រូវផ្ដល់ឲ្យសម្រាប់សង់លំនៅឋាន មានទំហំធំបំផុត ១,២០០ ម៉ែត្រការ៉េ ប៉ុន្ដែនៅ តំបន់ដែលមានលទ្ធភាពដីទំនេរ ទំហំដីសម្បទានសង្គមកិច្ចអាចដំឡើងរហូតដល់ បីពាន់ប្រាំមួយរយ ៣,៦០០ ម៉ែត្រ ការ៉េ។
ដីសម្បទានសង្គមកិច្ចដែលអាចផ្ដល់ឲ្យសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ មានទំហំធំបំផុត ០២ ហិកតា ប៉ុន្ដែ នៅក្នុងតំបន់ខ្លះទំហំដីសម្បទានសង្គមកិច្ចអាចឡើងរហូតដល់ ០៥ ហិកតា អាស្រ័យទៅតាមលក្ខណៈដី សក្ដានុពលដី ឬប្រភេទដំណាំ និងកម្លាំងពលកម្មរបស់គ្រួសារអ្នកសុំដី។
អ្នកសុំដីសម្បទានដីសង្គមកិច្ច ត្រូវមានលក្ខណៈ សម្បត្តិដូចតទៅ៖
ក/ មានសញ្ជាតិខ្មែរ និងមានសមត្ថភាពតាមផ្លូវច្បាប់ដើម្បីធ្វើជាម្ចាស់ដី ។
ខ/ ជាមេគ្រួសារនៃគ្រួសារដែលមានសមាជិកចំនួនពីរនាក់ ឬច្រើននាក់ដែលជាប់សាច់សាលោហិតជាមួយគ្នា ឬមានចំណងអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាក្នុងលំនៅឋានតែមួយ ។
គ/ បំពេញលក្ខណៈវិនិច្ឆ័យខាងហិរញ្ញវត្ថុ (ប្រាក់ចំណូលទាប...) ដែលកំណត់ដោយប្រកាសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឃ/ មិនមែនជាកម្មសិទ្ធិករ ឬជាភោគីនៃដីផ្សេងទៀតដែលមានទំហំស្មើ ឬលើសពីការកំណត់ទំហំដីសម្បទានសង្គមកិច្ច។
ង/ មានឆន្ទៈ និងមានលទ្ធភាពចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច ស្របតាមផែនការសម្បទានដីសង្គមកិច្ចដែលបានយល់ព្រម។
គ្មានជនណាម្នាក់អាចបដិសេធ សិទ្ធិចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចរបស់មេគ្រួសារជាស្រ្តី ជាជនបាត់ បង់សមត្ថភាព ជាអតីតយុទ្ធជនដែលបាត់បង់សមត្ថភាព និងមេគ្រួសារជាយោធិនរំសាយបានទ្បើយ។
ដើម្បីទទួលបានដីសម្បទានសង្គមកិច្ច ប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដី ត្រូវគោរពនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
*ត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្ដល់ដីដែល បញ្ជាក់អំពីសិទ្ធិ និងការ ទទួលខុសត្រូវរបស់មុខសញ្ញាអ្នកទទួលដី។
*ប្រសិនបើគ្មានរចនាសម្ព័ន្ធលំនៅឋានលើដីលំនៅដ្ឋាននៃសម្បទានដីសង្គមកិច្ច ត្រូវសាងសង់យ៉ាងហោចណាស់នូវចំណែកណាមួយ នៃជម្រកស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងរយៈពេល ០៣ ខែ បន្ទាប់ពីទទួលបានដី ហើយសមាជិកនៃគ្រួសារនោះត្រូវរស់នៅពិតប្រាកដ និងជាអចិន្ត្រៃយ៍លើដីនោះឱ្យបានលើសពី ០៦ ខែ ក្នុងមួយឆ្នាំ ។
*ត្រូវធ្វើកសិកម្មជាលក្ខណៈគ្រួសារជាក់ស្តែងលើដីនោះក្នុងរយៈពេល ១២ ខែ បន្ទាប់ពីទទួលដី ហើយបន្តប្រើប្រាស់ដីនេះស្របតាមលក្ខខណ្ឌចាំបាច់នៃកម្មវិធីសម្បទាន ។
*បន្ទាប់ពីអនុវត្តបានត្រឹមត្រូវតាមកម្មវិធីដីសម្បទានដីសង្គមកិច្ចបាន ០៥ ឆ្នាំ អ្នកទទួលបានដីមានសិទ្ធិកម្មសិទ្ធិលើដីនោះ និងអាចស្នើសុំប័ណ្ណកម្មសិទ្ធិ តាមនីតិវិធីដូចមានចែងនៅក្នុងសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
*ក្នុងករណីអ្នកទទួលដីទទួលមរណភាពនៅក្នុងរយៈពេលអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ទាយាទក្នុងគ្រួសារនៃអ្នកទទួលដីអាចបន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចនេះរហូតដល់គ្រប់ ០៥ ឆ្នាំ ហើយមានសិទ្ធិកម្មសិទ្ធិលើដីនោះ។
*អ្នកទទួលដីមិនអាចលក់ ដូរ ជួល ឬធ្វើអំណោយដីសម្បទានសង្គមកិច្ច ក្នុងរយៈពេល ០៥ ឆ្នាំ ដំបូងនៃការអនុវត្ត កម្មវិធីសម្បទានដីសង្គមកិច្ចនេះទេ ។
ប្រសិនបើអ្នកទទួលដីសម្បទានសង្គមកិច្ចណា ខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដីសម្បទាននោះ ដីនេះនឹងត្រូវវិលត្រលប់មកជាដីរបស់រដ្ឋវិញដើម្បីធ្វើការបែងចែកសាជាថ្មី។
សរុបមក សម្បទានដីសង្គមកិច្ចគឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ ក្នុងគោលបំណងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដីសាធារណៈរបស់រដ្ឋ ពុំមែនជាកម្មវត្ថុនៃការផ្តល់ដីសម្បទានសង្គមកិច្ចទ្បើយ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោកស្រី នូ ពិសី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕