(កណ្តាល)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំតំបន់អាស៊ី បានឱ្យដឹងថា កាប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ នឹងជួយក្រើនរំលឹកដល់មនុស្សទូទៅឲ្យបានដឹងថា មេរោគអេដស៍/ ជំងឺអេដស៍ នៅតែជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ហើយទិវានេះជាមធ្យោបាយ ដ៏ល្អបំផុតក្នុងការលើកកម្ពស់ការយល់ដឹង និងការប្រយុទ្ធនឹងការរីករាលដាលនៃមេរោគអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងយ៉ាងដូច នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុង «ទិវាស្រោមអនាម័យអន្តរជាតិ» ក្រោមប្រធានបទ «ស្រោមអនាម័យ តែងតែទាន់សម័យ» ដែលបានធ្វើឡើងនៅជាប់មាត់ទន្លេ ក្រុងតាខ្មៅ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តទៀតថា អង្គការ AHF ប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិនេះ ឡើងក្នុងគោលបំណងដូចជា៖ បន្តលើកកម្ពស់ការប្រើប្រាស់ ការយល់ដឹង និងពង្រីកការផ្សព្វផ្សាយពីសារៈសំខាន់នៃស្រោមអនាម័យ ក្នុងការការពារជំងឺឆ្លងតាមការរួមភេទ មេរោគអេដស៍ និងការមានផ្ទៃពោះ ដោយគ្មានការព្រៀងទុក, បង្ហាញឲ្យពិភពលោកបានដឹងថា ស្រោមអនាម័យជាតម្រូវការចាំបាច់ ក្នុងការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ និងការទទួលបានស្រោមអនាម័យ ត្រូវតែងាយស្រួល និងគ្រប់គ្រាន់ទូទាំងពិភពលោក។

ព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំមកនូវកម្មវិធីជាច្រើនដូចជា ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការចែកស្រោមអនាម័យ ដោយឥតគិតថ្លៃជាដើម ដើម្បីទាក់ទាញការបន្ត យកចិត្តទុកដាក់ពីបញ្ហាស្រោមអនាម័យ ព្រោះថាស្រោមអនាម័យ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន នៅជុំវិញពិភពលោក ហើយកំពុងធ្វើការងារគ្រប់យ៉ាងតាមដែល អាចធ្វើបាន ដើម្បីធានាថាមនុស្សគ្រប់រូបកាន់តែ មានភាពងាយស្រួលក្នុងការទទួល បានស្រោមអនាម័យ។ ការលើកកម្ពស់ការអនុវត្តន៍ សុវត្ថិភាពនៃការរួមភេទ គឺជារឿងសំខាន់បំផុត នៅពេលដែលថវិកាសម្រាប់សុខភាពសកល រួមទាំងថវិកាសម្រាប់ស្រោមអនាម័យ នៅតែមានកង្វះខាត សម្រាប់រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) មានមោទនភាពដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងសូមប្តេជ្ញាបន្តកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ដើម្បីសំរេចបានជាការចូលរួម «ទាំងអស់គ្នាចូលរួមជាចរន្តជាតិតែមួយ ក្នុងការទប់ស្កាត់ការ រីករាលដាលនៃមេរោគអេដស៍» ក្នុងការឈានឆ្ពោះទៅសម្រេច បាននូវយុទ្ធសាស្រ្តជាតិ បញ្ចប់បញ្ហាមេរោគអេដស៍ឆ្នាំ២០២៥។

លោក ឈឹម ឃិនដារ៉េត បានថ្លែងដែរថា ការប្រើប្រាស់ស្រោមអនាម័យបានទៀតទាត់ និងត្រឹមត្រូវមិនត្រឹមតែអាចការពារ បានការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍ យ៉ាងមានប្រសិទ្ធភាពតែប៉ុណ្ណោះទេ ថែមទាំងអាចការពារមិនឱ្យមានផ្ទៃពោះ ដោយគ្មានបំណងទៀតផង។ នៅលើពិភពលោកបច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃមានមនុស្សជាង១លាននាក់ បានឆ្លងជំងឺកាមរោគ និងជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ៨០លាននាក់មានផ្ទៃពោះដោយគ្មានបំណង។

លោកបានបញ្ជាក់ទៀតថា ស្រោមអនាម័យត្រូវបានគេប្រើប្រាស់ យ៉ាងមានប្រសិទ្ធភាពខ្ពស់ រហូតដល់៩៨ភាគរយ ក្នុងការការពារការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ។ តាការប៉ាន់ស្មានក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានបញ្ជៀសការឆ្លងគេរោគអេដស៍ ដល់មនុស្សប្រមាណ ៩០០,០០០នាក់ និងការពារ មនុស្សចំនួនប្រមាណ ៦០០,០០០នាក់ពីការស្លាប់ដោយសារជំងឺអេដស៍។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ( AHF) តែងតែរៀបចំព្រឹត្តិការណ៍ប្លែកៗ ជាច្រើននៅក្នុងទិវាស្រោមអនាម័យអន្តរជាតិ ដែលជាទិវានេះប្រារព្ធ ធ្វើឡើងដើម្បីផ្សារភ្ជាប់ជាមួយនឹងទិវានៃក្តីស្រលាញ់។ AHF ដែលមានទីតាំងនៅបណ្តាប្រទេសទូទាំងសកលលោក កំពុងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ជាមួយនឹងសារអំពាលនាវយ៉ាងមុតមាំថា «ប្រជាជនមិនអាចទទួឡខុសត្រូវ ក្នុងការថែរក្សាសុខភាពរបស់ពួកគាត់ពេញលេញនោះទេ នៅពេលដែលស្រោមអនាម័យ នៅតែបន្តខ្វះខាត និងមានតម្លៃមិនអាចទទួលយកបាន, ចូលរួមផ្សព្វផ្សាយសារដ៏មានសារៈសំខាន់នេះទាំងអស់គ្នា តាមរយៈការចូលរួមដោយសប្បាយរីករាយ ការតស៊ូមតិ និងទទួលយកស្រោមអនាម័យ LOVE របស់ AHF ដោយឥតគិតថ្លៃ»