(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះផ្ទះលក់ពូក និងផ្ទះលក់ម៉ូតូ នៅតាមបណ្ដាយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី និងធ្វើឲ្យខូចខាតពូក ម៉ូតូ សរុបជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ម្ចាស់ផ្ទះទី១ ដែលជាផ្ទះលក់ពូកឈ្មោះ ហង្ស ចាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ ខាតបង់ប្រាក់អស់ប្រហែល១០,០០០ដុល្លារ, ម្ចាស់ផ្ទះទី២ ដែលជាផ្ទះលក់ម៉ូតូឈ្មោះ ដួស កុសល ភេទប្រុស អាយុ៤០ឆ្នំា ខូចខាតអស់ម៉ូតូតូច ប្រហែល១០០គ្រឿង និងម្ចាស់ផ្ទះទី៣ លក់ម៉ូតូធំឈ្មោះ ជា ហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ ខូចខាតអស់ម៉ូតូធំ៣៧គ្រឿង។
សមត្ថកិច្ចបានបន្ថែមថា នៅក្នុងរង្វង់នៃប្រតិបត្តិការជួយសង្គ្រោះគ្រោះថ្នាក់អគ្គិសនីនេះ កម្លាំងជំនាញប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន២០គ្រឿង ទើបរលត់ទាំងស្រុង។
យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារទុស្សេខ្សែកាប្លិ៍ ដែលនៅជាប់ជាមួយបង្គោលភ្លើង ហើយបានឆ្លងរាលដាល ទៅផ្ទះលក់ពូក ហើយអ្នកភូមិបានជួយពន្លត់ដែរតែមិនឈ្នះ បន្ទាប់មកក៏បានឆាបឆេះរាលដាលដល់ផ្ទះលក់ម៉ូតូ ដែលស្ថិតនៅជាប់គ្នានោះ ជាបន្តបន្ទាប់យ៉ាងសន្ធោរសន្ធៅតែម្ដង៕