(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានដឹកនាំសហការី និងក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះសាកសួរសុខទុក្ខ និងពិនិត្យជំងឺជូន សមាជិកអតីតយុទ្ធជនចំនួន០៣គ្រួសារ ដែលកំពុងមានជំងឺប្រចាំកាយ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងថវិកាចលនា គ្រឿងឧបភោគបរិភោគ របស់ថ្នាក់ស្រុក។
ក្នុងឱកាសពិនិត្យសុខភាព នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានសម្រេចតាមសំណូមស្នើសុំការសាងសង់ផ្ទះ ចំនួន០២គ្រួសារ (ផ្ទះចាស់ទ្រុឌទ្រោម) ស្មើនឹង០២ខ្នងផ្ទះ ដើម្បីដាក់ស្នើសុំការសម្រេចពី ទេសរដ្ឋមន្ត្រី គន់ គីម មួយខ្នងនៅស្រុកកងមាស និងមួយខ្នងទៀតនៅស្រុកព្រៃឈរ ផងដែរ។
គួរជម្រាបថា គ្រួសារអតីតយុទ្ធជនដែលលោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំក្រុមការងារចុះពិនិត្យសុខជូននេះ រួមមាន៖
*ទី១៖ ស្រុកកងមាស ០២គ្រួសារ៖ ឈ្មោះ ពន្លឺ មេឃា ភេទប្រុស អាយុ៥៦ឆ្នាំ (មុខសញ្ញាបាត់បង់សមត្ថភាព ខូចប្រព័ន្ធប្រសាទ) និងឈ្មោះ ឡៃ ហាវ ភេទស្រី អាយុ៧១ឆ្នាំ (មុខសញ្ញាពលី មានជំងឺលើសឈាម) ក្នុងនោះឧបត្ថម្ភក្នុងមួយគ្រួសារ ថវិកាសរុប៤៥ម៉ឺនរៀល, អង្ករ៦០គីឡូក្រាម, សម្ភាររស់នៅ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
*ទី២៖ ស្រុកព្រៃឈរ ០១គ្រួសារ៖ ឈ្មោះ ម៉ៅ ហួត ភេទប្រុស អាយុ៥៨ឆ្នាំ (អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមាន ចូលនិវត្តន៍ មានជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន) ក្នុងនោះ ឧបត្ថម្ភថវិកា សរុប៦៥ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម, សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនផ្សេងទៀត៕