(ភ្នំពេញ)៖ និស្សិតគ្រប់ជំនាញដែលសិក្សានៅសាកលវិទ្យាល័យន័រតុន និងបណ្តាសាកលវិទ្យាល័យផ្សេងទៀត មានការចាប់អារម្មណ៍ខ្ពស់ ក្រោយបានទស្សនាឈុតឆាកសម្តែងរបស់ក្រុមនិស្សិតដូចគ្នា ក្នុងកម្មវិធីសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ក៏ព្រោះតែកម្មវិធីនេះ បានផ្តោតសំខាន់ទៅលើការសម្តែងពីប្រវត្តសាស្ត្ររបស់កម្ពុជាដែលមានតាំងពីបុរាណកាលមក។
កម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃក្នុងការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ដែលទទួលបានការចាប់អារម្មណ៍ពីបណ្តានិស្សិតនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន ដោយមានការចូលរួមលោកគ្រូ-អ្នកគ្រូ ដែលជាថ្នាក់ដឹកនាំក្នុងកម្មវិធីនេះ រួមនឹងមានការចូលរួមពីសិស្សនិស្សិតជាច្រើនរូប ដែលសិក្សាសាកលវិទ្យាល័យន័រតុន និងបណ្តាសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ។
នាឱកាសនៃការសម្តែងរបស់និស្សិតឆ្នើមរបស់សាកលវិទ្យាល័យន័រតុន លោកគ្រូ និងអ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាលដល់ក្រុមនិស្សិតទាំងអស់ ក៏បានបង្ហាញចំណាប់អារម្មណ៍ថា នៅក្នុងកម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃរបស់ក្រុមនិស្សិតនៃការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» គឺជាការបង្ហាញពីប្រវត្តិសាស្រ្តកម្ពុជានាសម័យបុរាណ ហើយការសម្តែងនេះក៏ជាការបង្កើតកម្មវិធីសប្បាយមួយផងដែរ សម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលត្រៀមប្រឡងឆមាសនាពេលខាងមុខ។
លោកគ្រូ-អ្នកគ្រូ បានឲ្យដឹងទៀតថា ការសម្តែង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» នេះ គឺតម្រូវតែសិស្សនិស្សិតឆ្នើមដែលសមត្ថភាពខ្ពស់ក្នុងការសម្តែងតែប៉ុណ្ណោះ និងជាការចម្រាញ់យកនិស្សិតពូកែ ដើម្បីចម្រុះយកវគ្គបន្ត។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏បានលឹកទឹកចិត្តដល់ក្រុមនិស្សិតទាំងអស់ ឲ្យមានការខិតខំប្រឺងប្រែងបន្តទៀត និងដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែច្រើនអំពីប្រវត្តិសាស្ត្រកម្ពុជា។
លោក ចាំង វណ្ណហ៊ុយ ជានិស្សិតនៃសាកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្ម បានលើកឡើងទាំងអារម្មណ៍សប្បាយរីករាយថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលបានចូលរួមក្នុងកម្មវិធី នៃការសម្តែងរឿង ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរនេះ ក្នុងនាមខ្ញុំជានិស្សតផ្នែកស្ថាបត្យកម្ម ដែលមានចូលរួម និងសម្តែងជាតួអង្គ "សេនាប្រមុខ" ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ ដែលបានរៀបចំកម្មវិធីនេះឡើង»។
វណ្ណហ៊ុយ បន្តទៀតថា កាលដែលអ្នកដឹកនាំក៏ដូចជាលោកគ្រូ-អ្នកគ្រូ បង្កើតកម្មវិធីនេះឡើង គឺដើម្បីឲ្យរូបលោកនិងនិស្សិតផ្សេងទៀតកាន់តែយល់ច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ ដែលមានតាំងពីបុរាណកាលមក និងម្យ៉ាងវិញទៀត ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតទាំងអស់ដែលសិក្សាឆ្នាំមូលដ្ឋាននេះ មានអារម្មណ៍រីករាយ បន្ទាប់ពីសិក្សាអស់ជាច្រើនម៉ោងមកហើយនោះ។
សូមជម្រាបថា បើតាមសំដីរបស់និស្សិត ចាំង វណ្ណហ៊ុយ បានឲ្យទៀតថា និស្សិតដែលចូលរួមក្នុងការសម្តែងទាំងអស់ គឺមិនត្រូវបានចំណាយថវិកាអ្វីទាំងអស់ រួមទាំងសម្លៀកបំពាក់ គឺសាកលវិទ្យាល័យន័រតុនជាអ្នករ៉ាប់រង។
និស្សិតម្នាក់ទៀតសិក្សាជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យន័រតុន ដែលជាអ្នកទស្សនាសកម្មភាពសម្តែងរបស់ក្រុមនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អំពីការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» បានឲ្យដឹងដែរថា រូបគាត់ពិតជាសប្បាយជាខ្លាំង នៅពេលដែលសាកលវិទ្យាល័យតែងតែបង្កើតកម្មវិធីប្លែកៗ ជាពិសេសការសម្តែងរឿងប្រវត្តសាស្ត្រ ដែលជាហេតុធ្វើឲ្យរូបគាត់បានរលឹក និងដឹងកាន់តែច្បាស់អំពីប្រវត្តសាស្ត្ររបស់កម្ពុជា នាសម័យបុរាណ។
និស្សិតរូបនេះ ក៏បានស្នើដល់លោកគ្រូ និងអ្នកគ្រូដែលជាអ្នកដឹកនាំកម្មវិធីនេះ ឲ្យឧស្សាហ៍បង្កើតកម្មវិធីបែបបុរាណនេះបន្ថែមទៀត ដើម្បីជាជំនួសស្មារតីដល់និស្សិតជំនាន់ក្រោយ ឲ្យដឹងកាន់តែច្បាស់ពីប្រវត្តិកម្ពុជា។
សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យន័រតុនតែងតែបង្កើតកម្មវិធីថ្មីៗ និងប្លែកៗជូនដល់និសិ្សត ដើម្បីឲ្យពួកគាត់បានស្វែងយល់ឲ្យកាន់តែច្បាស់អំពីជំនាញរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់និស្សិតឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត នូវចំណេះជំនាញរបស់ខ្លួន ដើម្បីទៅចាប់ឱកាសនូវការងារខាងក្រៅ៕