(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ដូចនេះសូមជួយផ្សព្វផ្សាយបន្ថែមពីការដើរលេងកម្សាន្ត របស់ទេសចរក្នុងស្រុក និងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។
បើការផ្សព្វផ្សាយព័ត៌មានខ្លះដែលបានបំភ្លៃកាពិត ត្រឹមតែចង់បានការទាក់ទាញចំណាប់អារម្មណ៍នោះ វាមិនបានជួយទាក់ទាញភ្ញៀវទេសចរនោះទេ តែបែរជាជំរុញឱ្យភ្ញៀវទេសចរមានការធ្លាក់ចុះទៅវិញទេ។
លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីបានរៀបចំសិក្ខាសាលាស្តីពី គោលដៅអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការវិស័យទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ នៅសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដោយមានការចូលរួមពីស្ថាប័នសាព័ត៌មាន ជាច្រើនស្ថាប័នផងដែរ។
លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមថា ជាក់ស្តែងកាលពីពេលថ្មីៗទៅនេះ នៅក្នុងប្រទេសកម្ពុជាមានអ្នកកើតជំងឺកូរូណា ឫCovid-19 តែម្នាក់ប៉ុណ្ណោះដែលបច្ចុប្បន្នបានព្យាបាលជាសះស្បើយទៅហើយ ដោយឡែកនៅមានសារព័ត៌មានមួយចំនួនបានបន្តផ្សាយព័ត៌មានថា ប្រទេសកម្ពុជាបែរជាមានអ្នកកើតជំងឺ Covid-19 នេះច្រើនទៅវិញ ដោយបានផ្សាយព័ត៌មានបំភិទបំភ័យដល់ភ្ញៀវទេសចរ ដើម្បីត្រឹមតែទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអ្នកទេសចរបរទេសខ្លាចមិនហ៊ាន មកលេងក្នុងប្រទេសកម្ពុជានោះទេ ដែលបានធ្វើឱ្យប្រទេសកម្ពុជាកាន់តែទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំងថែមទៀត។
លោកស្រី ឆាយ ស៊ីវលីន ក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ជួយផ្សព្វផ្សាយតែព័ត៌មានពិត និងជួយប្រូម៉ូតដល់ប្រទេសកម្ពុជាវិញ ដើម្បីឱ្យមានភ្ញៀវទេសចរចូលមកប្រទេសកម្ពុជាវិញ បើសិនជាមិនមានភ្ញៀវទេសចរចូលមកទេ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងផងដែរ។
លោក ស៊ុយ សុខឃុន អគ្គលេខាធិការសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានឱ្យដឹងដែរថា សម្រាប់សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ក៏មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នេះផងដែរ ដោយបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍បានយ៉ាងច្រើនផងដែរ ដែលមានផ្សាយទាំងភាសារចិន និងភាសារខ្មែរ ហើយសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន រីករាយនឹងសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដើម្បីជួយផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា បានកាន់តែច្រើន។
លោក ស៊ុយ សុខឃុន បានបញ្ជាក់ទៀតថា ស្របពេលដែលជំងឺ Covid-19 កំពុងតែផ្ទុះឡើង និងអត្រានៃភ្ញៀវទេសចរក្នុងស្រុកកំពុងតែធ្លាក់ចុះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើនូវព្រឹត្តិការណ៍ធំៗចំនួន២ ដែលបានធ្វើឱ្យពិភពលោកទទួលស្គាល់យ៉ាងពិតប្រាកដ ខណៈដែលសម្តេចបានទៅដល់ប្រទេសចិន និងបានអនុញ្ញាតឱ្យនាវាទេសចរ Westerdam ចូលចតនៅកំពុងផែក្រុងព្រះសីហនុ ដើម្បីឱ្យភ្ញៀវទេសចរជាច្រើនជាតិសាសន៍ បានធ្វើដំណើរឡើងយន្តហោះ ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះ ក្រោពេលបិទបញ្ចប់ជំងឺ Covid-19 លោករំពឹងថា នឹងមានភ្ញៀវទេសចរមកលេងប្រទេសកម្ពុជាកាន់តែច្រើន ដើម្បីមកថ្លែងអំណរគុណដល់ប្រទេសកម្ពុជាផងដែរ។
អគ្គលេខាធិការសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន រូបនេះបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងសារព័ត៌មាននៅប្រទេសចិន ដែលបានផ្សាយថា នៅកម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 ជាច្រើនអ្នកនោះ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន មិនអាចគ្រប់គ្រង ឫបញ្ជារខាងគេបាននោះទេ តែយ៉ាងណានឹងខិតខំស្វែងរកឱ្យឃើញ ដើម្បីឱ្យស្នើរឱ្យពួកគេបានមកមើលឃើញផ្ទាល់នៅកម្ពុជាផងដែរ៕