(ពោធិ៍សាត់)៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុង បានចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនម្ចាស់សង្វៀន និងអ្នកញៀនល្បែង៥នាក់ ដកហូតម៉ូតូ៥គ្រឿង មាន់ជល់២ក្បាល និងសម្ភារផ្សេងៗទៀត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចដើមគគីរ ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាប មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ថាមានគេលេងល្បែងភ្នាល់ជល់មាន់ នៅទីតាំងដើមគគីរ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះកម្លាំងនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលក្រុង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រលាប បានចុះដល់កន្លែងកើតហេតុ និងបានស្ទាក់ឃាត់ខ្លួនម្ចាស់សង្វៀន និងអ្នកញៀនល្បែង៥នាក់។
ទី១៖ ឈ្មោះ ភាព ផន អាយុ៣៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ជាម្ចាស់បើកសង្វៀនជល់មាន់, ទី២៖ ឈ្មោះ ឌិត ប៊ុនធឿន អាយុ៤០ឆ្នាំ, ទី៣៖ ឈ្មោះ ឡុង តាំងលី អាយុ២៩ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ីម វ៉ុន អាយុ៥២ឆ្នាំ និងទី៥៖ ឈ្មោះ ចាយ វណ្ណៈ អាយុ៣០ឆ្នាំ រស់នៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ ជាមួយគ្នានោះ កម្លាំងនគរបាលបានដកហូតម៉ូតូ៥គ្រឿង មាន់ជល់២ក្បាល និងសម្ភារផ្សេងៗទៀត។
ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងនោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំណែកម្ចាស់សង្វៀន និងអ្នកញៀនល្បែងទាំង៥នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យទៅលំនៅដ្ឋានវិញនាពេលក្រោយ៕