(កំពង់ឆ្នាំង)៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាបឋមសិក្សាស្រែកាច់ ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីផ្សព្វផ្សាយបញ្ហាគ្រឿងញៀន បញ្ហាអនាម័យដើម្បីសុខភាពសិស្ស និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃ និងស្លាកសាលារៀន ដាំកូនឈើ ដែលជាអំណោយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូរណ៍ និងលោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ វឿន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា។
លោក ប៉ាត សារ៉ាន អភិបាលរងតំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ស្រុកបរិបូរណ៍ បានមានមតិស្វាគមន៍ និងរបាយការណ៍ បង្ហាញពីការអភិវឌ្ឍរីកចម្រើនរបស់ស្រុក ដែលមិនមែនជាកន្លែងផលិត ដាំដុះគ្រឿងញៀន។
លោក សុខ វឿន ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានសម្តែងនូវការកោតសសើរដល់អ្នកពាក់ព័ន្ធ ដែលបានខិតខំរួមគ្នាអភិវឌ្ឍមូលដ្ឋាន បានរីកចម្រើន ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ដែលប្រតិបត្តិការលើវិស័យផ្តល់ឥណទានកម្ចីហិរញ្ញវត្ថុ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានសម្បូរធូរធារ និងបានចូលរួមសកម្មភាពមនុស្សធម៌សុខភាពនានា ក្នុងនោះបានចូលរួមសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាដើម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានលើកឡើងថា ការអភិវឌ្ឍសង្គមជាតិមួយបានរីកចម្រើន និងមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន បញ្ហាសុខភាព គឺត្រូវការចូលរួមគាំទ្រចាំបាច់ពីវិស័យឯកជន និងប្រជាពលរដ្ឋ ហើយការបញ្ជូនកូនទៅសាលារៀន ជាការងារចាំបាច់ណាស់ សម្រាប់ផ្តល់ចំណេះដឹង បំបាត់គ្រោះមិនចេះអក្សរ និងចាកផុតពីបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ លោកស្រី សឿ សុជាតា បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលាស្រែកាច់ និងអ្នកពាក់ព័ន្ធ ពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ដែលបានចូលរួមដំណើរជាមួយរាជរដ្ឋាភិបាល កសាងបាននូវសហគមន៍មួយ មានសុវត្ថិភាព ពីបញ្ហាគ្រឿងញៀន និងរស់នៅក្នុងបរិស្ថានស្អាត អនាម័យ និងសុខភាពល្អ។
លោកស្រី សឿ សុជាតា បានបន្ថែមទៀតថា ការចូលរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC កសាងបានអណ្តូងទឹកស្អាត កន្លែងលាងដៃ និងស្លាកសាលារៀននាពេលនេះ ជាសកម្មភាពមនុស្សធម៌ ឆ្លើយតបចំគោលនយោបាយស្តីពី សុខភាពសិក្សា និងចំពេលវេលាល្អណាស់ ពិសេសដោះស្រាយបាននូវការខ្វះទឹកនៅរដូវប្រាំងខាងមុខ៕