(ព្រះវិហារ)៖ សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន ព្រះមេគុណរាជធានីភ្នំពេញ និងជាព្រះអាគារធិការង ពុទ្ធិកសិក្សាជាតិ ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក បាននិមន្តចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយដល់យុវជន យុវនារី សិស្សានុសិស្ស ក៏ដូចជាពុទ្ធបរិស័ទ អំពីគុណលោកឪពុក អ្នកម្តាយ ទិវានៃសេចក្តីស្រលាញ់។
ពិធីផ្សព្វផ្សាយនេះ រៀបចំធ្វើឡើងក្នុងបរិវេណវត្តប្រាសាទព្រះខ័ន ហៅវត្តតាសែង ស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិសទ័មកពីទីជិតឆ្ងាយជាច្រើនរូបផងដែរ។
សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីកាថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដូច្នេះយើងទាំងអស់គ្នាត្រូវធ្វើអំពើល្អ អភិវឌ្ឍន៍ប្រទេសជាតិបាន ហើយបច្ចុប្បន្នយើងកំពុងមាននៅក្នុងដៃ នេះហើយជាមង្គលសម្រាប់យើង ដូច្នេះកុំរំពឹងអនាគតដែលមិនទាន់មកដល់ និងកុំគិតចំពោះអតីតកាលដែលកន្លងផុតហើយ ត្រូវគិតពីបច្ចុប្បន្នកាលដែលកំពុងមាំទាំនេះ។
សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីកាសង្កត់ធ្ងន់ថា សេចក្តីស្រលាញ់ មិនមែនមានន័យថា ស្រលាញ់តែប្តី ប្រពន្ធកូននោះទេ គឺស្រលាញ់គ្រប់សព្វសត្វលោកទាំងអស់ ហើយក្តីស្រលាញ់មិនមែនទើបតែមាននេះទេ គឺក្តីស្រលាញ់ព្រះពុទ្ធ យកមកតាំងពីឆ្នាំ២៥០០មុនមកម្លេះ និយាយរួមមនុស្សយើងបើមានធម៌៥ នៅក្នុងខ្លួនគឺស្មើនិងទេវតា។
ជាមួយគ្នានោះ សម្តេចសង្ឃ បានណែនាំឲ្យពុទ្ធបរិស័ទ សិក្សាធម៌ព្រះពុទ្ធហើយរក្សានៅសេចក្តីល្អ គឺកាយសុច្ចរិត វេជ្ជយសុច្ចរិត មនោសុច្ចរិតទៅយើង និងយល់ច្បាស់ យើងមិនយល់ច្រឡំថ្ងៃណា ថ្ងៃណីទៀតទេ ព្រោះធម៌ព្រះពុទ្ធបានសម្ដែងថា ពេលណាសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្ត ពេលនោះអត់មានអាក្រក់នៅថ្ងៃណាថ្ងៃណីទេ ឲ្យតែយើងធ្វើល្អថ្ងៃនោះ ឈ្មោះថាល្អហើយ។
នៅក្នុងឱកាសនោះដែរ សម្តេចព្រះពុទ្ធិជ័យ មុនី ឃឹមសន បានប្រគេន និងចែងវិញ្ញាប័នបត្រ ដល់សាមណៈសិស្ស និងសិស្សានុសិស្ស ព្រមទាំងប្រគេនបច្ច័យ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបានចូលរួមកម្មវិធីផងដែរ។
ដើម្បីបង្ហាញឲ្យឃើញពីការស្រលាញ់ដ៏ជ្រាលជ្រៅនេះ ព្រះគ្រូចៅអធិការវត្តព្រះខ័ន បានរៀបចំនៅពិធីពិសារអាហារសាមគ្គី ចំនួន១១០តុ និងការប្រគុំតន្ត្រីកំដរអារម្មណ៍ ជូនដល់ពុទ្ធបរិសទ័មកពីទីជិតឆ្ងាយផងដែរ៕