(ព្រះសីហនុ)៖ ពេញមួយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរសរុប ៨២៧នាក់ បានបន្ដចាកចេញពីនាវា Westerdam មកព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ រួចឆ្ពោះមកកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញរៀងៗខ្លួន។
សម្រាប់ក្រុមភ្ញៀវទេសចរទាំងនេះ បានធ្វើដំណើរតាមយន្តហោះចំនួន ៦ជើង ដោយហោះចេញពីព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈក្រុមភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវាមួយចំនួនទៀត បានធ្វើដំណើរតាមរថយន្តក្រុង។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ភ្ញៀវទេសចរដែលចាកចេញពីនាវា Westerdam នៅថ្ងៃនេះសរុបមាន ៦ជើង រួមមាន៖
* ជើងហោះហើរទី១ ចេញម៉ោង ០៨៖១០នាទីព្រឹក មានអ្នកដំណើរចំនួន ១២៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)
* ជើងហោះហើរទី២ ចេញម៉ោង ០៨៖៣០នាទីព្រឹក មានអ្នកដំណើរចំនួន ១៤៣នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
* ជើងហោះហើរទី៣ ចេញម៉ោង ០៩៖៥៨នាទីព្រឹក មានអ្នកដំណើរចំនួន ១៥៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
* ជើងហោះហើរទី៤ ចេញម៉ោង ១២៖៥០នាទី មានអ្នកដំណើរចំនួន ១១៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
* ជើងហោះហើរទី៥ ចេញម៉ោង ១២៖៣៥នាទី មានអ្នកដំណើរចំនួន ១០៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
* ជើងហោះហើរទី៦ ចេញម៉ោង ១៣៖១៥នាទី មានអ្នកដំណើរចំនួន ១២២នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)។
ដោយឡែកនៅម៉ោង ១៧៖២០នាទីមានអ្នកដំណើរចំនួន ០២នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ) ហើយបុគ្គលិកនាវា ចំនួន ៥៦នាក់ ចេញតាមឡានក្រុងទៅរាជធានីភ្នំពេញ។ សរុបអ្នកចាកចេញទាំងអ្នកដំណើរ និងបុគ្គលិកលើនាវាសម្រាប់ថ្ងៃនេះ មានចំនួន ៨២៧នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ។
បើតាមអ្នកនាំពាក្យ កាលពីម្សិលមិញ ភ្ញៀវទេសចរ បានចេញពីខេត្តព្រះសីហនុចំនួន ៤១៥នាក់ (តាមយន្តហោះ ៤០៥នាក់ និងតាមរថយន្ត១០នាក់) ដូច្នេះសរុបចំនួនពីរថ្ងៃ អ្នកចាកចេញទាំងអ្នកដំណើរ និងបុគ្គលិកមានចំនួន ១២៤២នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលជាតិព្រះសីហនុ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក សហការជាមួយខាងកំពង់ផែ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បានជួយសម្រួលក្រុមភ្ញៀវទេសចរទាំងនេះ ដើម្បីធ្វើដំណើរពីនាវាមកព្រលានយន្តហោះកងកេង មុនហោះបន្តទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។
ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕