(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ក្រោមវត្តមានលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ជាតិ, លោកទូ សាវុធ អភិបាលស្តីទីខេត្តកោះកុង ព្រមទាំងមានការចូលរួមពីបុគ្គលិកពេទ្យ គ្រប់បណ្តាស្រុកខេត្តទូទាំងប្រទេស។
សិក្ខាសាលាចែករំលែកបទពិសោធន៍ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង។
លោក យក់ ប៊ុនណា បានថ្លែងថា វិស័យសុខាភិបាល ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ដល់សុខមាលភាព នៃប្រជាជនទាំងមូល ត្រូវតែមានការកែលំអរជាប្រចាំ ដើម្បីយើង និងប្រជាពលរដ្ឋប្រកប ដោយសុខភាព និងថាមភាព សម្រាប់បំពេញការងារ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់យើង។
លោកថា ការអនុវត្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈជាគំរូ ក្នុងវិស័យសុខាភិបាលនេះ ជាគំនិតផ្ដួចផ្ដើមថ្មីមួយដែលស្ថាប័នកំណែទម្រង់អភិបាលកិច្ច រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកបានថ្លែងបន្តថា កម្មវិធីនេះនេះផ្ដល់ឱកាសសម្រាប់ការរៀនសូត្រ យកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណរបស់យើងធ្វើការកែលម្អរសេវាសាធារណៈវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរតាម ការចង់បានរបស់រដ្ឋរាជរដ្ឋាភិបាល និងប្រជាជនរបស់រាជរដ្ឋារាជរដ្ឋាភិបាល និងប្រជាជនរបស់យើងហើយការរៀនសូត្រ ពីបទពិសោធន៍ធ្វើឱ្យយើងទទួលបានជោគជ័យ ក្នុងវិស័យសុខាភិបាល។
លោកបានបញ្ជាក់ថា បុគ្គលិកពេទ្យទាំងអស់ ដែលអញ្ជើញមកចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍការដឹកនាំរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលជាគំរូល្អដែលទទួលបានជ័យលាភីលេខ១ ក្នុងឆ្នាំ២០១៩ ដូច្នេះហើយមន្ទីរពេទ្យទាំងអស់ ត្រូវចេះផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីកែទម្រង់ក្នុងមន្ទីរពេទ្យរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងនោះដែរបុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋគ្រប់ឋានៈដោយមិនរើសអើងពូជសាសន៍ឡើយ ហើយយើងជាគ្រូពេទ្យត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តតាមតួនាទីរបស់បុគ្គលិកពេទ្យ៕