(កំពង់ឆ្នាំង)៖ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងការស្លាប់របស់ទារកក្នុងផ្ទៃ។
លោកបានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមបន្តជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំនេះ សម្តេចចៅហ្វាវាំង បានបង្ហាញអនុសាសន៍ទាំង៥ ចំណុចសំខាន់ៗ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងការថែទាំសុខភាពមាតា ទារក និងកុមារ ចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ។
បើតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា «ដើម្បីចូលរួមចំណែកទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ការងារចាំបាច់ ដែលយើងត្រូវរួមគ្នាធ្វើក្នងការថែទាំសុខភាពមាតា ទារក និងកុមារចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ រួមទាំងការពន្យារកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ការចិញ្ចឹមទារក និងអាហារូបត្ថម្ភ ដើម្បីឲ្យមាតា និងទារកមានសុខភាពល្អ»។
ក្នុងឱកាសទិវាជាតិ សុខភាពមាតាទារក និងកុមារនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
*ទី១ ៖ សូមឲ្យស្ត្រីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះ តាមកាលកំណត់ ទទួលយកសេវាបង្ការព្យាបាលទាំងអស់ឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ក្នុងគោលដៅលុបបំបាត់ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។
*ទី២ ៖ សូមទៅសម្រាលកូននៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យធ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
*ទី៣ ៖ សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
*ទី៤ ៖ សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាម រហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
*ទី៥ ៖ សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចៗដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
នាឱកាសនោះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល បានផ្តល់អំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចចំនួន ១៩៧គ្រួសារ ដោយក្នុង១គ្រួសារបានទទួលនូវអង្ករ៣០គីឡូក្រាម មីមួយកេះ ត្រីខកំប៉ុង១យួ ឃីត១ កញ្ចប់ ថវិកា ២ម៉ឺនរៀលផងដែរ៕