(ភ្នំពេញ)៖ វិស័យឯកជនកម្ពុជា ដែលមានស្ថាប័នធំៗចំនួន២០ជាតំណាង ក្នុងមានទាំងអ្នករកស៊ីរបស់អឺរ៉ុបប្រចាំកម្ពុជាផងនោះ បានចេញសេចក្តីថ្លែងការណ៍ សម្ដែងការសោកស្ដាយ ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកចេញនូវផ្នែកខ្លះ ពីប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្ដល់ជូនកម្ពុជា ក្រោមកិច្ចព្រមព្រៀង «អ្វីៗគ្រប់យ៉ាងលើកលែងសព្វាវុធ (EBA)»។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិស័យឯកជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈនេះបានបញ្ជាក់ថា «សភាពាណិជ្ជកម្មកម្ពុជា និងភាគីហត្ថលេខីតំណាង ឱ្យវិស័យឯកជននៅកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបសម្រាប់ការដក ចេញនូវផ្នែកខ្លះពីប្រព័ន្ធអនុគ្រោះពន្ធ ដែលបានផ្ដល់ជូនកម្ពុជា នៅក្រោមកិច្ចព្រមព្រៀង អ្វីៗគ្រប់យ៉ាងលើកលែងសព្វាវុធ (EBA) បន្ទាប់ពីខ្លួនបានត្រួតពិនិត្យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩»

ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ការយកពន្ធនឹងត្រូវអនុវត្តទៅលើផលិតផលរបស់ ប្រទេសកម្ពុជាចំនួន២០% ដែលនាំចេញទៅកាន់សហភាពអឺរ៉ុប ដែលស្មើនឹងទឹកប្រាក់ចំនួនប្រមាណ១.៣ប៊ីលានដុល្លារអាមេរិក (១៣០០លានដុល្លារ) នៃទំនិញនាំចូលសរុបទៅកាន់សហភាពអឺរ៉ុប ក្នុងទឹកប្រាក់ចំនួន៥.៨ប៊ីលានដុល្លារ ក្នុងមួយឆ្នាំ (ប្រមាណ៤៥%នៃការនាំចេញសរុបរបស់ប្រទេសកម្ពុជា)។

តាមរយៈការគិតពន្ធចំនួន២០% លើផលិតផលដែលកម្ពុជានាំចេញទៅកាន់អឺរ៉ុបនេះ ដែលមានទឹកប្រាក់ប្រមាណ១.៣ប៊ីលានដុល្លារអាមេរិកនេះ គឺកម្ពុជាត្រូវបង់ពន្ធទៅអឺរ៉ុបប្រមាណ១៤០លានដុល្លារក្នុង១ឆ្នាំនេះ។ នេះការលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន។

នៅក្នុងរយៈពេល១២ ខែចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការកំណែទម្រង់រចនាសម្ព័ន្ធ ស៊ីជម្រៅដើម្បីលុបបំបាត់បន្ទុកមិនចាំបាច់ និងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម ដែលមានគោលដៅកាត់បន្ថយ ចំណាយធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា។ ផលប៉ះពាល់អវិជ្ជមានប៉ាន់ស្មាន ចេញពីការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកនេះ អាចកាត់កងបានតាមរយៈការសន្សំសំចៃ ចំណាយនៃការកំណែទម្រង់ទាំងនេះ ប្រសិនបើមានការអនុវត្តបានត្រឹមត្រូវ រួមជាមួយនឹងការជំរុញសារពើពន្ធពីទុនបម្រុងចំនួន៣ប៊ីលានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

វិស័យឯកជននៅកម្ពុជាបានឲ្យដឹងទៀតថា «នៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងបន្តទទួលបានអត្ថប្រយោជន៍ ពីការអនុគ្រោះផ្នែកពាណិជ្ជកម្មចំនួន៨០% នៃការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប។ ដូច្នេះ យើងសូមអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាបន្តចូលរួមក្នុងកិច្ចសន្ទនា អំពីបញ្ហានានាដែលលើកឡើងនៅក្នុងការត្រួតពិនិត្យ របស់គណៈកម្មការអឺរ៉ុប»

វិស័យឯកជននៅកម្ពុជា បានបង្ហាញនូវមានទំនុកចិត្តយ៉ាងមុតមាំ ចំពោះភាពល្អប្រសើរឡើងវិញរបស់ប្រជាជនកម្ពុជា និងប្ដេជ្ញាធ្វើការសហការជាមួយ ផ្នែកនានាដែលរងការប៉ះពាល់ដោយសារ តែសេចក្ដីសម្រេចនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតឡើងចំពោះផ្នែកពាណិជ្ជកម្ម និងវិនិយោគ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ យើងនឹងបន្តសហការយ៉ាងជិតស្និទ្ធិជាមួយ ស្ថាប័នអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាដើម្បីពង្រឹង និងលើកកម្ពស់ សិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របទៅតាមឧត្តមានុភាពអន្តរជាតិ។

តំណាងវិស័យឯកជននៅកម្ពុជា បានលើកឡើងទៀតថា ទោះបីជាសេចក្ដីសម្រេចបែបនេះ របស់គណៈកម្មការអឺរ៉ុប គឺជារឿងគួរឱ្យសោកស្ដាយក៏ដោយ ប៉ុន្តែវិស័យឯកជនមើលឃើញថា នេះក៏ជាឱកាសមួយក្នុងការចាប់ផ្ដើមធ្វើកំណែទម្រង់ រចនាសម្ព័ន្ធបន្ថែមទៀត ដែលនឹងជួយពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយការប្រកួតប្រជែងមិនស្មើភាព ដែលអាចនឹងជួយ ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ទីផ្សារនាំចេញ និងប្រភពនៃការវិនិយោគ។ វិស័យឯកជន ប្ដេជ្ញាសហការជាមួយវិនិយោគិន ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការពិនិត្យមើល និងអនុវត្តវិធានការ និងច្បាប់បន្ថែមដែលនឹងផ្ដល់នូវបរិយាកាសកាន់តែមានលក្ខណៈអំណោយផល សម្រាប់គ្រប់ក្រុមហ៊ុនធុរកិច្ច និយោជក និងសង្គមកម្ពុជាទាំងមូល។

សេចក្ដីប្រកាសព័ត៌មាននេះទទួលការគាំទ្រពីសំណាក់៖
១៖ សភាពាណិជ្ជកម្មកម្ពុជា
២៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
៣៖ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា
៤៖ សមាគមធនាគារនៅកម្ពុជា
៥៖ Benelux Cambodia
៦៖ សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា
៧៖ សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា
៨៖ សហព័ន្ធទេសចរណ៍កម្ពុជា
៩៖ សមាគមភោជនីយដ្ឋានកម្ពុជា
១០៖ សភាពាណិជ្ជកម្មកាណាដានៅកម្ពុជា
១១៖ សម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា
១២៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងកម្ពុជា
១៣៖ ក្រុមធុរកិច្ចអាល្លឺម៉ង់ប្រចាំកម្ពុជា
១៤៖ សភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា
១៥៖ សមាគមធានារ៉ាប់រងកម្ពុជា
១៦៖ សភាពាណិជ្ជកម្មអន្តរជាតិ
១៧៖ សមាគមធុរកិច្ចអ៊ីតាលីប្រចាំនៅកម្ពុជា
១៨៖ ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា
១៩៖ សភាពាណិជ្ជកម្មណ័រឌីកនៅកម្ពុជា
២០៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា៕