(កំពត)៖ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្លឹមសារនៃពាក្យអភិវឌ្ឍន៍សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺការធ្វើឲ្យប្រជាជនមានជីវភាព រស់នៅល្អប្រសើរមានបាន, ផ្តោតលើសុខទុក្ខប្រជាជន, ការពារផលប្រយោជន៍ប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, យកប្រជាជនជាគោល ដោយបានខិតខំថែរក្សា សន្តិភាពជូនប្រជាជន និងបង្កើតឱកាសសិក្សារៀនសូត្រជូនកូនចៅប្រជាជន។
លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ទៀតថា រាជរដ្ឋាភិបាល បង្កើតច្បាប់គ្រប់គ្រងដឹកនាំប្រទេសឲ្យមានការរីកចម្រើនក្រោមគោលការណ៍នីតិរដ្ឋ, ជំរុញមន្ត្រីគ្រប់លំដាប់ថ្នាក់ឲ្យជួយបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ, ស្វែងរកទីផ្សារ និងកៀគរអ្នកវិនិយោគបង្កើតការងារជូនប្រជាជន ហើយមិនដែលបង្កើត ការសន្យានោះទេ ប៉ុន្តែបានខិតខំប្រឹងធ្វើជាក់ស្តែង ហើយអាចធ្វើបានពិតប្រាកដ។
ក្នុងឱកាសអញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលនានា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ សូមចូលរួមអបអរសាទរ ចំពោះការជួបជុំគ្នា សប្បាយរីករាយជាមួយនឹងសេចក្តីស្រឡាញ់, ភាពកក់ក្តៅ និងការគោរពប្រតិបត្តិ ដើម្បីសម្ពោធសមិទ្ធិផលថ្មីៗ នៅក្នុងវត្តដងទុង ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត ដែលមានអាយុកាលដ៏ចំណាស់ជាងបីសតវត្សរ៍ ក្រោមការរួបរួមគ្នាកសាងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ តាមលទ្ធភាពរបស់ប្រជាពលរដ្ឋ ហើយដែលបច្ចុប្បន្នមានលទ្ធភាពច្រើន ដូច្នេះបានចូលរួមគ្នាកសាងចែករំលែកបានច្រើន ស្របតាមសា្ថនភាពអភិវឌ្ឍន៍ របស់ប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត ក៏បានអះអាងថា រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយផ្អែកលើគោលការណ៍នេះ ធ្វើឲ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។ គោលការណ៍ទាំងនេះ មាននៅក្នុងការបង្រៀនរបស់គ្រប់សាសនា ហើយដែលប្រជាពលរដ្ឋខ្មែរ មានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិ ប្រកបដោយសុខដុមនីយកម្ម គ្មានជម្លោះដោយសារអំពើជ្រុលនិយមណាមួយឡើយ ព្រោះថាគ្មានអ្វីដែលលំបាក ជាងពេលដែលខ្មែរបែកបាក់គ្នានោះទេ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏អរគុណប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋ ក្នុងស្រុកដងទុង និងខេត្តកំពតផ្ទាល់ ដែលតែងជឿជាក់លើ រាជរដ្ឋាភិបាល និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ ដែលប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ, មិនរត់ចោលមិត្តក្នុងកាលៈទេសៈលំបាក ជាពិសេសរក្សាជំហរច្បាស់លាស់ ប្រយ័ត្នប្រយែងចំពោះកិច្ចមនុស្សធម៌ សម្រាប់មនុស្សជាតិគ្រប់ជាតិសាសន៍ ក្នុងសហគមន៍អន្តរជាតិដោយគ្មានការរើសអើង ទន្ទឹមនឹងការទទួលខុសត្រូវម៉ឺងម៉ាត់ ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន៕