(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនតាមដីការបស់តំណាងអយ្យការពាក់ព័ន្ធករណី ឆបោក ក្នុងអំពើទិញលក់ដីខ្យល់ជិត ៥៨ហិកតា ក្នុងទំហំទឹកប្រាក់ជិត ៣លានដុល្លារឲ្យទៅពាណិជ្ជករចិន នៅក្នុងខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ កែវ មុនីរតន៍ អាយុ៥៥ឆ្នាំ ស្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម LEGCY ជាន់ទី៤ ផ្លូវមហាវិថីម៉ៅសេទុង សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ជនសង្ស័យ កំពុងមានមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃម្នាក់ កំពុងរត់ការខ្វែងខ្វាត់ ដើម្បីឲ្យតុលាការដោះលែងជននេះ ឲ្យមានសេរីភាពវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ មុនីរតន៍ ត្រូវបានជនរងគ្រោះជាជនជាតិចិនប្តឹងពីបទឆបោកនូវទឹកប្រាក់ចំនួន ២,៩០០,០០០ដុល្លារ ពាក់ព័ន្ធករណីទិញលក់ដីធ្លីទំហំ ៣៣ហិកតា នៅចំណុចគីឡូត៍ម៉ែត្រលេខ ៣២ តាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
ជនសង្ស័យ និងមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៃក្រសួងមហាផ្ទៃ បានធ្វើកិច្ចសន្យាទិញលក់ដីខាងលើឲ្យទៅជនរងគ្រោះ ដោយអះអាងថា ជនសង្ស័យជាម្ចាស់ដីផ្ទាល់ និងមានមន្ត្រីនគរបាល នៃក្រសួងមហាផ្ទៃជាសាក្សី ប៉ុន្តែតាមការពិតពួកគេ ពុំមានដីប្រគល់ឲ្យជនរងគ្រោះតាមកិច្ចសន្យាឡើយ ទើបជនរងគ្រោះប្តឹងឲ្យតុលាការជួយរកយុត្តិធម៌ឲ្យតែម្តងទៅ។
ជនសង្ស័យ និងបក្ខពួក បានប្រើឧបាយកលក្រោមរូបភាពដើរប្រមូលទិញដីប្រជាពលរដ្ឋ ដោយកក់ប្រាក់បន្តិចបន្តួច រួចលបលួចធ្វើប្លង់មេ យកទៅលកបន្តឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះ។ នៅពេល ក្រុមហ៊ុនរបស់ជនរងគ្រោះ ប្រគល់លុយឲ្យជនសង្ស័យ និងបក្ខពួកយកទៅឲ្យថ្លៃដីរបស់ប្រជាពលរដ្ឋ បែរជាពួកគេយកទៅចាយអស់។ បន្ទាប់ពីក្រុមហ៊ុនទៅរកដីដែលបានទិញពីជនសង្ស័យ បែរជាប្រជាពលរដ្ឋមិនព្រមប្រគល់ដីនោះជូនក្រុមហ៊ុន ដោយចោទប្រកាន់ថា ក្រុមហ៊ុនមិនទាន់ប្រគល់លុយថ្លៃដីឲ្យពួកគេនៅឡើយ។
ដោយសារតែជនសង្ស័យ និងបក្ខពួក ប្រើល្បិចបោកប្រាស់ទាំង ប្រជាជន និងក្រុមហ៊ុន បែបនេះហើយទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងជនសង្ស័យ និងបក្ខពួក ទៅកាន់តុលាការ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនក្រុមហ៊ុន និងប្រជាពលរដ្ឋ។
ជនរងគ្រោះ និងមហាជនកំពុងតាមដាន ករណីមួយនេះថា តើជនសង្ស័យឈ្មោះ កែវ មុនីរតន៍ ពិតជាអាចបានរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ?៕