(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង ស្មើនិង១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ងួន ញ៉ិល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់ទូទាំងខេត្តកំពង់ធំ។
តាងនាមប្រជាពលរដ្ឋទូទាំងប្រទេស ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ លោក ងួន ញ៉ិល ផ្ទាល់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែលើកកម្ពស់ និងយកចិត្តទុកដាក់បំផុតក្នុងវិស័យអប់រំ ពិសេសគឺការសាងសង់អគារសិក្សាថ្មីៗជាច្រើន និងជា បន្តបន្ទាប់នៅទូទាំងប្រទេស ក្នុងនោះក៏មានវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា។
ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះសម្បុរសជន លោកគ្រូ-អ្នកគ្រូ មាតាបិតាសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភ និងសហការគ្នាបានយ៉ាងល្អ ក្នុងការធ្វើឲ្យសមិទ្ធផលនានានៅក្នុងវិទ្យាល័យនេះលេចជា រូបរាងឡើងគួរជាទីមោទនៈ។
លោកបានចាត់ទុកអគារសិក្សាថ្មីនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ នៅក្នុងខេត្តកំពង់ធំ និងបានផ្ដាំផ្ញើដល់អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ត្រូវរួមគ្នាថែរក្សាអគារសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ដើម្បីប្រយោជន៍ទុកឲ្យកូនចៅជំនាន់ក្រោយបានចូលសិក្សារៀនសូត្រ។
លោកអះអាងថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលដែលបានកើតឡើងដោយសារកម្លាំងសាមគ្គីក្រោមម្លប់ នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំគ្រប់បែប យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រួវបន្តរក្សាឲ្យបាននូវសុវត្ថិភាព បម្រើប្រជាពលរដ្ឋដោយមិនរើសអើង ហើយខិតខំដោះស្រាយ រាល់សំណូមពរ និងទុក្ខលំបាកជូនពួកគាត់។
លោកបណ្ឌិតបានបន្តទៀតថា សន្តិភាពបាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ និងសមិទ្ធផលធំៗជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានផ្លូវ ស្ពានជាច្រើន ត្រូវ បានកែលម្អនិងកសាងឡើង ដើម្បីសម្រួលដល់ការប្រកបរបររកស៊ីរបស់ប្រជាជន ជាពិសេសគឺការសាងសង់ ស្ពានដែលមានចម្ងាយវែងជាងគេ (ជាង៣គីឡូម៉ែត្រ) ឆ្លងទន្លេពីខេត្តកំពង់ឆ្នាំង មកខេត្តកំពង់ធំក្នុងពេលខាងមុខនេះ៕