(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទៅ១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានលើកឡើងថា ព្រឹត្តិការណ៍អនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អាចនឹងក្លាយជាគំរូវីរៈភាព យកទៅឆ្លាក់រិកនៅវិមានឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កប៉ាល់ទេសចរណ៍ខ្នាតយក្ស Westerdam ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យចូលចតយក អ្នកទេសចរណ៍ ដើម្បីជូនត្រឡប់ទៅប្រទេសរៀងៗខ្លួន។ តាមពិតសំណួរតាំងពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២០ ពេលដែលកើតមានករណីនាវាទេសចរណ៍ដែលទាក់ទងជាមួយ និងដំណើរការ ហើយមានការភ័យខ្លាច ទទួលផលប៉ះពាល់ដោយវីរុស កូរ៉ូណា។
តាមរយៈ Facebook នាថ្ងៃនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «ការពិនិត្យមើលទិដ្ឋភាពមួយថ្ងៃពេញនៅក្រុងព្រះសីហនុ ពីនាវា Westerdam និងទិដ្ឋភាពនៅកម្ពុជា ពិតជាផ្តល់អារម្មណ៍រាប់លាន ដែលសរសេរមិនអស់ថ្លាថ្លែងមិនគ្រប់មានតែបញ្ជាក់ថាកាយវិការ ព្រឹត្តិការណ៍មួយនេះ គឺសម្រាប់ជាតិ សម្រាប់ប្រជាជនកម្ពុជា សម្រាប់ទឹកដីកម្ពុជា ហើយនឹងសម្រាប់ ប្រវត្តិសាស្រ្តកម្ពុជា ជាមួយនឹងពិភពលោកហាក់ដូចជា ផ្តល់យុត្តិធម៌ បន្ទាប់ពីការវាយតម្លៃ ដោយអយុត្តិធម៌ និងដោយគ្មានភាពជាក់ស្តែង ហើយក៏ជាសារដែលមានភាពពហុន័យ ចំពោះពិភពលោកដែលស្ថិត នៅក្នុងចន្លោះរវាងការភ័យខ្លាច និងសេចក្តីក្លាហានរបស់ថ្នាក់ដឹកនាំ របស់ប្រជាជនដែលខ្លួនដឹកនាំ។ នេះគឺជាមេរៀន និងជាបទពិសោធន៍មួយ ដែលពិបាកឱ្យមាន លើកទី២ទៀតនៅក្នុងពិភពលោក និងគួរតែក្លាយទៅជាព្រឹត្តិការណ៍អច្ឆរិយៈមួយនៅក្នុង លោកយើងនេះ ដែលគប្បីចងចាំ គប្បីកត់ត្រាទុក និងគប្បីរៀនសូត្រ ពីការប្រើប្រាស់ឱកាស ការចាប់យកឱកាស និងការធ្វើឱ្យឱកាសប្រឈមបាត់បង់ នៅក្នុងហេតុការណ៍នានា ជាច្រើនក្លាយជាឱកាសមាសពេជ្រ សីលធម៌ គុណធម៌និងសេចក្តីថ្លៃថ្នូរតទៅមុខផងដែរ»។
ចំណុចនេះត្រង់ថា នាវាពុំត្រូវបានអនុញ្ញាតឱ្យចូលចតនៅតាមប្រទេសធំៗមួយចំនួនដែលមានការជឿនលឿន ដែលមានបច្ចេកទេសទំនើប ហើយដែលមានការលើកឡើងតាំងពីរឿងសិទ្ធិមនុស្ស សីលធម៌ សេរីភាព មនុស្សធម៌ជាច្រើនដែលជាមូលដ្ឋាន ច្បាប់ និងការដាក់ចេញការណែនាំ និងផ្តល់នូវឱវាទដល់ប្រទេសទាំងឡាយដែលកំពុងស្ថិតក្នុងស្ថានភាពអភិវឌ្ឍ និងកំពុងអភិវឌ្ឍ។
នាយឧត្តមសនេយ៍ ណឹម សុវត្ថិ បានបន្ថែមយ៉ាងដូច្នេះថា៖ «ចំណុចរកឃើញសំខាន់នៅទីនេះ គឺទី១-តើការផ្តល់និយមន័យ និងការចាត់វិធានការខុសៗ គ្នាទៅលើរឿងរ៉ាវតែមួយ ករណីតែមួយបែបនេះ ក្នុងកម្រិតពិភពលោកកើតមានដូច្នេះ ជាការគួរឱ្យចាប់អារម្មណ៍ និងត្រូវយកចិត្តទុកដាក់ ហើយបើគិតអំពីបរិបទ និងបរិយាកាសវិវត្ត នៃទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខ សង្គម វប្បធម៌ ករណីដែលធ្លាក់មកដល់កម្ពុជា ដែលបានសម្រេចចិត្តទទួលយក ឱ្យចូលចតនូវនាវាខ្នាតយក្ស Westerdam ក្លាយទៅជាព្រឹត្តិការណ៍កក្រើកពិភពលោក ជាប្រវត្តិសាស្រ្តនេះ គឺជាការគួរឱ្យយកចិត្តទុកដាក់ចាប់ អារម្មណ៍ថា តើមូលហេតុអ្វីនៅក្នុងនាវា ដែលមានទេសចរណ៍រាប់ពាន់នាក់ ហើយដែលមានការប្រកាន់នូវជំនឿ សាសនាខុសគ្នា ដោយអាចនិយាយថា បើពុទ្ធសាសនា មានទេវតា បើគ្រ្គឹះសាសនានោះព្រះ បើអ៊ីស្លាមនោះ គឺមហាម៉ាត់ ឬព្រះអាឡាសជាដើម ដែលពួកគេបានជួបទាំងបញ្ហា និងក្រុមនាវាលើសមុទ្រពិតជាបន់ស្រន់ដល់ព្រះ និងអាទិទេពសម្រាប់ជួយរំដោះគេ»។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឱ្យដឹងថា ករណីដែលបានទទួលនូវការអនុញ្ញាតដើម្បីចូលនៅកម្ពុជា នៅក្នុងកំពង់ផែព្រះសីហនុ ហើយដែលប្រមុខរាជរដ្ឋាភិបាល ជាអ្នកអារកាត់សម្រេចករណីបែបនេះ តើអាចផ្តល់នូវការជឿជាក់មួយដែលថា នោះគឺជាព្រះប្រទាន ជាទេវតាប្រទានបានដែរទេ? សម្រាប់ការដឹកនាំមួយដែលមាន ការសម្រេចចិត្តដ៏មុះមុតក្នុងស្ថានភាពបែបនេះ ហើយទន្ទឹមនឹងនេះ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងតែមានការវិវត្តជាមួយករណី EBA និងទិដ្ឋភាពនៃការដាក់បញ្ហាទៅលើបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ អធិបតេយ្យភាព ឬបញ្ហាទទួលឥទ្ធិពលណាមួយអំពីប្រទេសខាងក្រៅ ដែលគេបានចោទឡើងក្នុងស្ថានភាពមួយដែលខុស អំពីការប្រឹងប្រែងកសាងជាតិដោយខ្លួនឯង បន្ទាប់ពីការបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ ហើយដែលមានអ្នកដឹកនាំរបស់ខ្លួន គឺសម្តេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា យើងអាចមើលឃើញដែរថា ទិដ្ឋភាព បែបនេះកើតឡើងនៅព្រឹត្តិការណ៍ថ្ងៃទី១៤ តាំងពីព្រឹកព្រលឹម នៅក្រុងព្រះសីហនុ ចន្លោះ រវាងដែនសមុទ្រ និងដីគោក ហើយនឹងធ្វើដំណើរតាមផ្លូវអាកាសបន្តទៅទៀត មានន័យថា ទឹក គោក អាកាស ធាតុទាំង៣ នេះបាន ធ្វើឱ្យពួកគេប្រែប្រួលនូវអារម្មណ៍ ហើយបើតាមមើលនូវទឹកមុខកាយវិការ និងសកម្មភាពទាំងឡាយដែលមាន តាំងពីព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅកំពង់ផែក្រុងព្រះសីហនុ ការចាប់អារម្មណ៍ជាច្រើនរាប់មិនអស់ក្នុង មនោសញ្ចេតនារាប់មិនអស់ក្នុងពិភពលោក តែម្តងដែលយើងឃើញ ទោះទេសចរណ៍ក្មេងចាស់ ប្រុស ស្រី តូច គ្រប់សញ្ជាតិដែលបានចុះមកក្នុងទឹកមុខ អារម្មណ៍ ដោយបានទទួលផ្កាពី តេជោ សែន តើបេះដូង របស់ពួកគេ ពុះកញ្ច្រោលបែបណា ហើយតើមនុស្សក្នុងលោកចាប់អាម្មណ៍បែបណា ក្រុមគ្រួសាររបស់គេដែលនៅឆ្ងាយ ហើយតើប្រទេសមាតុភូមិ របស់គេចាប់អារម្មណ៍បែបណា និងមានអារម្មណ៍បែបណា? ដូច្នេះយើងអាចនិយាយថានេះគឺជាការអង្រួន ឬកញ្ជ្រោកពិភពលោក តែម្តងដោយសារព្រឹត្តិការណ៍មួយនេះ មានទាំងកូនក្មេង មានទាំង ជនពិការនៅលើរទេះ មានទាំងអ្នកកាត់ឈើច្រត់ ហើយបានមកចុះមក និងទទួលការរាក់ទាក់នៅកន្លែងមួយ ដែលគ្មាននឹកស្រម៉ៃ សូម្បីតែបន្តិចបើគិតពីប៉ុន្មានថ្ងៃមុន សម្រាប់ពួកគេ ពីព្រោះកម្មវិធីនៃដំណើរទេសចរណ៍នេះ ពុំមានកម្ពុជា ពុំមានក្រុងព្រះសីហនុនៅក្នុងផែនការនោះផងទេ។
នាយឧត្តមសេនីយ៍ថា ដូច្នេះការធានាបាន នូវសន្តិសុខ សុវត្ថិភាព១០០% ទាំងពេលវេលានៃស្ថានភាពព្រមទាំងពាក្យពេជ្រន៍ដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនត្រឹមតែការផ្តល់ និងអនុញ្ញាតទទួលតែបើមានអ្នកឈឺនៅក្នុងនោះត្រូវទទួលព្យាបាលថែមទៀត។ តើនោះ គឺជាអ្វី ហើយតើអ្នកដឹកនាំប៉ុន្មាននាក់ ក្នុងលោកដែលមានការសម្រេចចិត្តបែបនេះ? តើប្រជាជាតិដទៃ ឬក៏អ្នកដឹកនាំ ខ្លះដែលពោរពេញ ទៅដោយការលើកពីប្រជាធិបតេយ្យមានសិទ្ធិ មានមតិពុះកញ្ច្រោលតែងតែលើកឡើងនូវគោលការប្រឆាំងចុះឡើង រវាងថ្នាក់ដឹកនាំជាមួយនឹងអារម្មណ៍ និងចំណង់ប្រាថ្នារបស់ខ្លួន និងមានប្រវត្តិកម្ម និងមានការយល់បែបណានៅក្នុងស្ថានភាពបែបនេះ។
ក្នុងពេលដែលគេប្រើប្រាស់ពាក្យមួយតែមួយម៉ាត់ថា មនុស្សធម៌ និងសីលធម៌ គេតែងតែឱ្យតម្លៃខ្ពស់ ប៉ុន្តែការអនុវត្តជាក់ស្តែង យើងឃើញថាប្រទេសខ្លះពោរពេញ ទៅដោយសមត្ថភាពខ្ពស់ៗ បច្ចេកទេសជឿនលឿន ហើយអាចចាត់ទុកថាជាខុសពីប្រទេស ដែលកំពុងតែងើបពីសង្រ្គាមស៊ីវិលដូចកម្ពុជា មិនគួរណាបណ្តោយឱ្យឪកាសមាស ឪកាសពេជ្រ ឪកាសទេព បែបនេះកន្លងផុតនោះទេ។ ដូច្នេះ អាចនិយាយបានទេថា រឿងរ៉ាវនេះមិនត្រឹមនេះទេ គឺនឹងត្រូវចារឹកទុកនៅក្នុងបេះដូង នៅក្នុងក្រអៅ នៃដួងចិត្តគ្រប់ទិសទីពេញលោកទាំង មូលតែម្តង។
នាយឧត្តមសេនីយ៍ បានបន្តថា ទាំងនេះយើងអាចនិយាយដែរថាមកពីអ្វី បារមី ភាពផ្សំឱកាសដែលផ្តល់ឱ្យដែលបានជំរុញឱ្យពួកគេទាំងឡាយ មិនដាច់ចិត្តទទួលយក។ ដូចនេះពាក្យពេជន៍ជា ច្រើនដែលយើងឃើញនៅថ្ងៃនេះថា ប្រទេសតូចតែបេះដូងធំទូលាយ ហើយក្នុងពេលដែលសម្តេចតេជោ ចុះ ឧទ្ធម្ភាគចក្របានត្រូវស្វាគមន៍ដោយភ្លៀងរលឹមតិចៗ ទទួលដំណើរចុះទៅលើផែចេញពីឧទ្ធម្ភាគចក្រ យើងក៏ បាន ឃើញនូវការបញ្ចេញកិរិយាពីបេះដូងទេសចរពីកប៉ាល់ ដែលមានខ្លះថែមទាំងហុចស្ករសុកូឡាក្នុងស្បោងសដៃទាំងពីរជូនសម្តេចតេជោ នៅពេលដែលផ្តល់ផ្កាឱ្យមានន័យថាអស់ពីចិត្តស្ករសុូកូឡាមួយ ស្បោងតូចមែនក៏ប៉ុន្តែជានិមិត្តរូបនៃសេចក្តីស្រលាញ់ សេចក្តីគោរព មានទេសចរជាច្រើន បានបង្ហូរទឹកភ្នែក រំភើបហើយខ្លះក៏ចាប់ទាញថតជាមួយ ខ្លះទៀតក្រាបសំពះព្រះធរណី និងខ្លះបញ្ចេញនូវពាក្យសម្តីជាច្រើន ដែលយើងបានឃើញរាប់មិនអស់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀត គឺការមិនពាក់ម៉ាស់ដែលខុស ពីអ្វីដែលយើងឃើញនៅទិដ្ឋភាពទីខ្លះ ពិភពលោកនៅទីកន្លែងដទៃនានាជាច្រើន សូម្បីតែនៅដូចនេះតើ Covid 19 ក្រៅពីការអង្រួនពិភពលោក នៅគ្រប់វិស័យ សេដ្ឋកិច្ច ទេសចរណ៍ រហូតទៅដល់ ប្រេងឥន្ទនៈ ជីវភាព សុខភាព ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យតាំងពិព័ណ៌ និងព្រឹត្តិការណ៍នានាតែបានរុកទន្ទ្រានចូលទៅក្នុងអារម្មណ៍ភ័យខ្លាច របស់ប្រជាជនដែលក្លាយទៅជាការរើសអើង ហើយក្លាយទៅជាការកើតរនាំង ដែលឃើញមានទីក្រុងខ្លះស្ទើរតែស្ងាត់ជ្រងំនៅពេលដែលខ្លាចមានផលប៉ះពាល់ដោយ Virus ថ្មីនេះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា កម្ពុជាក្នុងយុគសម័យនេះ មានភ័ព្វវាសនា និងសំណាងខ្លាំងណាស់ដែលមានអ្នកមគ្គុទ្ទេសឯក ដ៏ជាញជ័យដឹកនាំពីការបញ្ចប់សង្គ្រាម មកសន្តិភាព និងឯកភាពជាតិពេញលេញ ទទួលការអភិវឌ្ឍន៍ ព្រមទាំងរួមសកម្មភាពមនុស្សធម៌ ក្នុងពិភពលោក។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាវាយក្សនេះ ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។
ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឺរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕