(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ បានចូលរួមទិវានៃក្ដីស្រលាញ់ ដោយបានការរៀបចំការពិសាអាហារសាមគ្គីជាមួយមនុស្សចាស់ជរា ក្រីក្រ ទុរគ៌ត ប្រមាណ ៤០០នាក់ ដែលរៀបចំដោយសមាគមមនុស្សចាស់ភ្នំពេញថ្មី សមាគមវ៉ាយអឹមស៊ីអេ (YMCA) កម្ពុជា និងវ៉ាយមេនក្លឹប (Y’S MEN CLUB) រៀបចំឡើងនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ មានការអញ្ជើញចូលរួម ពីតំណាង សមាគមមនុស្សចាស់នៅភូមិភ្នំពេញថ្មី សមាគមវ៉ាយអឹមស៊ីអេ (YMCA) កម្ពុជា និងវ៉ាយមេនក្លឹប (Y’S MEN CLUB) អ្នកចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករ ព្រមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិកច្រើននាក់នៃក្រុមហ៊ុន ប៉េង ហួត គ្រុប។
លោកឈីវ ឡូញ ប្រធានសមាគមមនុស្សនៅភូមិភ្នំពេញថ្មី មានមតិសំណេះសំណាលដូច្នេះថា សមាគមមនុស្សចាស់ភ្នំពេញថ្មីបានចាប់កំណើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ដែលបានបង្កើតឡើងដោយសមាគមវ៉ាយអឹមស៊ីអេ (YMCA)។
នៅដើមដំបូង សមាគមមនុស្សចាស់មានសមាជិកចំនួន ៣៨នាក់ ក្នុងនោះមានសមាជិកជាស្រ្ដីចំនួន ២៧នាក់ និងបុរសចំនួន ១១នាក់ មានអាយុចាប់ពី៦០ ឆ្នាំឡើងទៅ។
ចាប់ពី ខែតុលា ឆ្នាំ២០១៩ រហូតមកដល់ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមាគមមនុស្សចាស់មានសមាជិកទាំងអស់ចំនួន ១៨០នាក់ ប្រុស ៦១នាក់ ស្រ្ដីចំនួន ១១៩នាក់។
គោលបំណងនៃការបង្កើតកម្មវិធីនៃសេចក្ដីស្រលាញ់ ១៤កុម្ភៈ ព្រមទាំងទទួលទានអាហារសាមគ្គីនេះគឺចង់បង្កើន សេចក្ដីស្រលាញ់ និងរឹតចំណងទាក់ទងគ្នារវាងមនុស្សចាស់ និងមនុស្សចាស់ ហើយនិងអន្តរជំនាន់ ព្រមទាំងចង់បង្កើនសាមគ្គីភាពជាមួយគ្នាឲ្យកាន់តែស្អិតរមួត ជួយដល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យសមាគមមនុស្សចាស់ មានការលូតលាស់រីកចម្រើនរុងរឿងជាភិយ្យោភាពតទៅមុខទៀត។
ជាងនេះទៅទៀត ចង់ធ្វើការផ្សព្វផ្សាយពីសម្លេងមនុស្សចាស់ឲ្យបានទូលំទូលាយ និងសុំឲ្យមានការយកចិត្តទុកដាក់ ជួយផ្ដល់ការគាំពារដល់មនុស្សចាស់គ្រប់រូប ធ្វើយ៉ាងណាឲ្យពួកគាត់ជាមនុស្សចាស់ទាំងអស់គ្នារស់នៅមានជីវភាពល្អប្រសើរ។
លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ “ស្របតាមគោលនយោបាយជាតិគាំពារមនុស្សចាស់ និងតាមទិសដៅការងារសង្គមរបស់ក្រុមហ៊ុនដែលផ្ដោតលើការលើកកម្ពស់ បរិស្ថាន ការអប់រំ សុខុមាលភាពសង្គម និងវប្បធម៌ នេះជាលើកទី២ ដែលក្រុមហ៊ុនបានចូលរួមកម្មវិធីជាមួយសមាគមមនុស្សចាស់ ដើម្បីចែករំលែក ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ និងក្ដីស្រលាញ់ដល់ចាស់ជរា។ ក្រុមហ៊ុន បានរីកចម្រើនរហូតមកដល់សព្វថ្ងៃ ហើយបានចូលរួមការងារសង្គមយ៉ាងសកម្ម និងចាត់ទុកថា ការចូលរួមការងារសង្គម ការចែករំលែក ជាផ្នែកមួយសំខាន់នៃការរីកចម្រើន និងអភិវឌ្ឍក្រុមហ៊ុនផងដែរ”។
ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថា ពីតំណាងសមាគមនុស្សចាស់ អភិបាលខណ្ឌសែនសុខ ក្រុមប្រឹក្សាសង្កាត់ ក្រុមហ៊ុន ប៉េង ហួត និងដៃគូសហការនានា រួចមក ពិធីតំណាងឲ្យទិវានៃសេចក្ដីស្រលាញ់ និងការពិសាអាហារសាមគ្គី ត្រូវបានប្រារព្ធឡើង។
បន្ទាប់មកបុគ្គលិកក្រុមហ៊ុន ប៉េង ហួត គ្រុប ដៃគូសហការនានា ព្រមទាំងអ្នកចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករ បានចែកអំណោយដល់ចាស់ជរា តាមការរៀបចំរបស់ខ្លួន ដោយក្នុងនោះក្រុមហ៊ុន ប៉េង ហួត គ្រុប បានចែកជូនជាអំណោយរួមមានដូចជា៖ អង្ករ ទឹកស៊ីអ៊ីវ ប្រេងខ្យល់ ប្រេងកូឡា និងថ្នាំសង្កូវផ្សេងៗ។ល។
ក្នុងនោះសកម្មភាពដដែលនេះ ក៏អាចបំផុសស្មារតីដល់យុវវ័យ ប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីការចែករំលែក ភាពកក់ក្តៅ សេចក្តីស្រលាញ់ និង ការយកចិត្តទុកដាក់ចំពោះ គ្រួសារ មិ្តភ័ក្រ្ភ ចាស់ជរា ក្រីក្រ ទុរគ៌ត និងរួមគ្នាគាំពារចាស់ជរាគ្រប់រូបតាមដែរអាចធ្វើទៅបាន៕