(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំ «ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០» នៅអគារពិព័រណ៍ ពាណិជ្ជកម្មកោះពេជ្រ A-F ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ទិវាជាតិនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្អូនៗសិស្សនិស្សិត យុវជនដែលកំពុងតែត្រៀមខ្លួន ចូលទៅកាន់ទីផ្សារការងារ នាពេលខាងមុខ ដើម្បីទទួលបាននូវព័ត៌មាន ពីតម្រូវការ ទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគតសម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។
លើសពីនេះទៅទៀត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួង នឹងធ្វើការណែនាំលើ មុខជំនាញបច្ចេកទេសដែលខ្លួន កំពុងធ្វើការបណ្ដុះបណ្ដាល តាមរយៈការដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិត ដែលបានអនុវត្តកន្លងមក និងផ្នែកឯកជន ក៏បានចូលរួមដាក់បង្ហាញ ពីខ្សែច្រវាក់ផលិតកម្ម និងពីតម្រូវការកម្លាំង ដែលទីផ្សារការងារ កំពុងត្រូវការនាពេលបច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) កាលពីឆ្នាំ២០១៩ ថ្ងៃទី១៥-១៦ មិថុនា មានអ្នកចូលរួមចំនួន ៣២,១២៥នាក់ (ស្រី១១,២៤៣នាក់) អង្គភាពចូលរួមចំនួន៧៥ រួមទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន៕