(ភ្នំពេញ)៖ ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានសម្តែងនូវការដឹកនាំគុណ ចំពោះការបង្ហាញចេញនូវសាមគ្គីភាព និងមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការអនុញ្ញាត និងទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ដែលគ្មានកន្លែងសំចតអស់រយៈពេល២សប្តាហ៍។
លោកប្រធានអង្គការ WHO បានសរសេរនៅលើបណ្តាញ Twitter របស់លោកយ៉ាងដូច្នេះថា៖ «នេះជាកាយវិការដ៏សប្បុរស របស់សម្តេចនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដែលបានទៅដល់កំពង់ផែខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ វែស្ទឺរដាម (Westerdam) អមដោយផ្កាកូលាប ដែលជាការបញ្ជាក់អំពីថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Valentines Day)។ ខ្ញុំសូមសម្តែងការដឹងគុណ ចំពោះការបង្ហាញចេញនូវសាមគ្គីភាព និងមនុស្សធម៌»។
សូមបញ្ជាក់ថា ក្រៅពីប្រធាន WHO, លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកឯណោះវិញ ក៏បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដែលបានអនុញ្ញាតឱ្យកប៉ាល់ខ្នាតយក្សនេះ ចូលចិត្តនៅកំពង់ផែខេត្តព្រះសីហនុ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាវាយក្សនេះ ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។
ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឺរ៉ុប ព្រមទាំងប្រធាន WHO សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕