(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកបានប្រកាស ដំឡើងពន្ធលើផលិតផលយន្ដហោះនាំចូលពីសហភាពអឺរ៉ុបពី ១០-១៥ភាគរយ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៨ ខែមីនាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ការសម្រេចចិត្តខាងលើធ្វើឡើងជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ដែលអាមេរិកចោទថា បានលួចជួយក្រុមហ៊ុនផលិតយន្ដហោះអ៊ែរប៊ឺស (Airbus) ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Boeing។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ខ្លួនក៏អាចនឹងដំឡើងពន្ធ ២៥ភាគរយលើផលិតផល ឈីស (cheese), ស្រា (wine) និងផលិតផលមិនមែនយន្ដហោះពីសហភាពអឺរ៉ុបផងដែរ។
សេចក្ដីថ្លែងការណ៍ដដែលបានឱ្យទៀតថា សហរដ្ឋអាមេរិកនៅតែបន្តបើកទ្វារចរចា ដើម្បីផ្សះផ្សាជាមួយអឺរ៉ុប ប៉ុន្តែអាចនឹងចាត់វិធានការ ឬផ្លាស់ប្ដូរចិត្តភ្លាមៗ បើសិនជាសហភាពអឺរ៉ុបដំឡើងពន្ធលើទំនិញអាមេរិក ដែលមានពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ជុំវិញរឿងដែលអឺរ៉ុបលួចជួយក្រុមហ៊ុន Airbus៕