(កណ្ដាល)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំក្បួនដង្ហែពានរង្វាន់ទីក្រុងស្អាតអាស៊ានយ៉ាងឱឡារឹក ក្រោមកិច្ចស្វាគមន៍យ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសអ្នកនៅក្រុងតាខ្មៅតែម្តង។
ពិធីនេះដឹកនាំដោយអភិបាលខេត្តកណ្ដាលលោកបណ្ឌិត ម៉ៅ ភិរុណ ព្រមទាំងមានការចូលរួមពីស្នងការខេត្តកណ្ដាលលោក ឈឿន សុចិត្ត, មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាលលោក សំ តុលា មន្ត្រីជាន់ខ្ពស់ខេត្តកណ្ដាលទាំងអស់ និងអាជ្ញាធរជាច្រើននាក់។
ការដង្ហែក្បួននេះមានសភាពអ៊ូអរខ្លាំងណាស់ ក្រោមសម្រែកសាទរពីក្រុមអ្នកដង្ហែក្បួន សិស្សានុសិស្សអមតាមផ្លូវ ព្រមទាំងប្រជាពលរដ្ឋក្រុងតាខ្មៅ។
លោកបណ្ឌិតម៉ៅ ភិរុណ បានថ្លែងប្រកាសថា «នេះជាមោទកភាពណាស់ដែលក្រុងតាខ្មៅ ទទួលជយលាភីទីក្រុងស្អាតអាស៊ាន ពីទីក្រុងដារូដាឡាម ប្រទេសព្រុយណេ នាពេលកន្លងទៅ ដែលនេះពិតជាមុខមាត់ជាតិយើងលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ»។
លោកថា «តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋមានជីវភាពធូរធា បាននាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយឈានដល់ការក្លាយ ជាប្រទេសមានចំនូលខ្ពស់នៅឆ្នាំ២០៥០ ខាងនេះទៀតផង»។
លោកបណ្ឌិត ម៉ៅ ភិរុណ បានឱ្យដឹងថា «ជាការពិតជយលាភីដែលខេត្តយើងទទួលបាននាពេលនេះ មិនមែនបានមកដោយចៃដន្យនោះទេ តែវាពិតជាកើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កិច្ចសហការល្អ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវរបស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ប្រតិបត្តករក្នុងអាជីវកម្ម សេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានា ក្នុងការជម្រុញការអភិវឌ្ឍន៍ក្រុងរបស់យើង ដើម្បីឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យដែលបានកំណត់ មានសូចនាករគោល ចំនួន៧ និង១០៨ លក្ខណៈវិនិច្ឆ័យ ដែលទាមទាឱ្យក្រុង-ខណ្ឌ បេក្ខភាពត្រូវតែបំពេញឱ្យខានតែបានតាមលក្ខណៈវិនិច្ឆ័យនេះ»។
សូមរម្លឹកថា ដើម្បីទទួលបានពានរង្វាន់ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាន គឺគ្រប់សង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ បានចូលរួមរៀបចំ និងសំអាតបរិស្ថាន ឱ្យស្របតាមសូចនាករគោល៧ សូចនាករលម្អិត២៨ និងលក្ខណៈវិនិច្ឆ័យចំនួន ១០៨ នៃស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
សូមបញ្ជាក់ថា ក្នុងចំនោមប្រទេសក្នុងអាស៊ានយើងនេះ មាន៦ ទីក្រុង ដែលត្រូវបានដាក់បញ្ចូលឱ្យប្រកួតប្រណាំងទីក្រុងទេសចរណ៍អាស៊ាន ក្នុងនោះទីក្រុងតាខ្មៅ ទីក្រុងកំពត និងខណ្ឌដូនពេញ ក៏មានមានឈ្មោះចូលរួមប្រកួតផងដែរ៕