(ពោធិ៍សាត់)៖ លោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំស្នាក់ការបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ យុវជន សមាគមនារី សរុបប្រមាណ១៤១៤នាក់។
បន្ទាប់ពីលោក ម៉ៅ ធនិន បានអាននូវរបាយការណ៍សង្ខេប ស្តីពីសភាពការទូទៅ និងការងារគណបក្ស ឆ្នាំ២០១៩ និងលើកទិសដៅភារកិច្ចឆ្នាំ២០២០នោះរួចមក, លោក ស៊ុយ សែម បានថ្លែងថា ដោយសារសាមគ្គីភាពនៅក្បាលម៉ាស៊ីនរបស់គណបក្ស និងដោយសារកម្លាំងរួមសាមគ្គីភាពផ្ទៃក្នុង ពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយ សេចក្តីសម្រេច សេចក្តីណែនាំផ្សេងៗ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដោយស្មារតីសោមនស្សរីករាយ និងជឿជាក់ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៏ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត។
ក្នុងកាលទេសៈ ដែលប្រទេសនានាកំពុងតែកើតឡើង នូវជំងឺភ័យខ្លាច បណ្តាលមកពីវីរុស កូរ៉ូណាថ្មី ឬCovid-19 នៅកម្ពុជាឯណេះវិញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងលុបបំបាត់នូវជំងឺភ័យខ្លាច។ ក្នុងនាមជាប្រជាជាតិ ដែលមានអារ្យធម៌ដ៏រុងរឿង និងបេះដូងមនុស្សធម៌យ៉ាងពិតប្រាកដ ចំពោះមនុស្សជាតិ ដោយមិនខ្វល់អំពីបញ្ហាប្រឈមដ៏តូចតាចចំពោះមុខ គឺ «EBA» នោះ, បេះដូងរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជា រួមគ្នាធ្វើកិច្ចការមនុស្សធម៌ សង្គ្រោះមនុស្សលើនាវាទេសចរណ៍ Westerdam ដែលដឹកមនុស្សសរុបប្រមាណជាង២ពាន់នាក់ ក្នុងនោះមានអ្នកដំណើរចំនួន ១,៤៥៥នាក់ និងបុគ្គលិកបម្រើការងារក្នុងកប៉ាល់ចំនួន ៨០២នាក់ ដែលមានជាតិសាសន៍ចំនួន៤១ ក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេ រហូតទៅដល់៦៥១នាក់។
លោកបានបន្ថែមថា ស្របពេលដែលប្រទេសចំនួន៦ បដិសេធមិនឱ្យនាវាទេសចរណ៍ Westerdam ចូលចតនោះ សម្តេចប្រមុខដឹកនាំកម្ពុជា បានអនុញ្ញាតឱ្យនាវានោះចូលចល ដោយគ្មានភ័យខ្លាច ព្រមទាំងទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ក្នុងន័យមនុស្សធម៌ និងមិនរើសអើងជាតិសាសន៍ដែលនៅលើនាវានោះឡើយ។
ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ លោក ស៊ុយ សែម បានលើកឡើងនូវខ្លឹមសាររបស់អង្គមហាសន្និបាត ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនអង្គប្រជុំជ្រាប និងលើកឡើងអំពីផែនការការងារ ព្រមទាំងបានដាក់ទិសដៅ សម្រាប់ក្រុមការងារគ្រប់លំដាប់ថ្នាក់ យកទៅអនុវត្តនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធិភាពខ្ពស់ជូនបក្ស និងប្រជាជន៕