(រតនគិរី)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានលើកឡើងថា នេះជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានផ្លូវក្រវ៉ាត់ព្រំដែន ហើយធ្វើស្របគ្នានឹងការងារខណ្ឌសីមាព្រំដែនកម្ពុជាជាមួយវៀតណាមទៀត។
លោក ស្រី កុយ ពិសី អនុប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានធ្វើឡើងក្នុងឱកាសដែលលោក រួមដំណើរដោយ លោក ថង សាវុន អភិបាលខេត្តរតនគីរី និងជាប្រធានអនុគណៈកម្មាធិការព្រំដែនខេត្ត និង នាយឧត្តមសេន៍យ៍ឯក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការកងវិស្វកម្មក្រសួងការពារជាតិ ដែលជាអ្នកទទួលបន្ទុក សាងសង់ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម បានចុះត្រួតពិនិត្យផ្លូវក្រវ៉ាត់ព្រំដែនប្រវែង៦៨គម នៅខេត្តរតនគិរី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាម លោកស្រី កុយ ពិសី, ក្នុងឱកាសចុះត្រួតការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែននោះ ទេសរដ្ឋមន្រ្តី និងក្រុមការងារ បានចុះទៅត្រួតពិនិត្យតំបន់ព្រំដែន នៅភូមិតាង៉ា ដែលជាតំបន់មិនទាន់ឯកភាពគ្នាដាច់ស្រាច់ក្នុងការបោះបង្គោលព្រំដែនលេខ ២២/២ ផងដែរ។ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនពលរដ្ឋក្នុងឃុំនោះថា នេះជាប្រវត្តិសាស្រ្តរបស់កម្ពុជាដែលមានផ្លូវក្រវ៉ាត់ព្រំដែន ហើយធ្វើស្របគ្នានឹងការខណ្ឌសីមាព្រំដែនកម្ពុជាជាមួយនឹងវៀតណាមទៀត។ លោកបញ្ជាក់ថា សមិទ្ឋផលទាំងនេះ កើតចេញមកក្រោមការដឹកនាំដ៏មហិមារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋរួមគ្នាការពារ និងថែរក្សាមរតកទាំងអស់នេះឲ្យបានឋិតឋេរគង់វង់។
សូមជម្រាបជូនថា នៅខេត្តរនគីរី និងខេត្តយ៉ាឡាយ-កន្ទុំ វៀតណាម មានខ្សែព្រំដែនប្រវែងប្រមាណជាង ២១៦គម មានបង្គោលព្រំដែនធំចំនួន ៤០បង្គោល ក្នុងនោះភាគីទាំងពីរឯកភាពបោះបង្គោលព្រំដែនធំបានចំនួន ៣១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែម បានចំនួន ៨២បង្គោលនៅតំបន់ឯកភាពគ្នា៕