(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ដែលប្រទេសចំនួន៤ និងកោះ២ បដិសេធនោះ ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។
សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ទេសចរទាំងនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។
ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕