(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ក្នុងឱកាស ទិវានៃក្តីស្រឡាញ់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនក្រុមតែងរៀបចំកាដូ មនោសញ្ចេតនា យកទៅចែកជូន ដល់មនុស្សចាស់ និងកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសម្តែងនូវការគោរពស្រឡាញ់ប្រកបដោយទឹកចិត្តបរិសុទ្ធ និងជាគំរូបង្ហាញពីអត្ថន័យពិត នៃទិវាដ៏រំជើបរំជួលមួយនេះ ដែលកន្លងមក យុវវ័យតែងយល់ខុស យកទិវានៃក្តីស្រឡាញ់នេះ ទៅសម្តែងពីសេចក្តីស្នេហារវាង ប្រុសស្រី រហូតធ្វើឲ្យយុវតីមួយចំនួន ឈានដល់ហានលះបង់ព្រហ្មចារី ព្រោះតែបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះដៃគូរ ដោយប្តូរជាមួយត្រឹមផ្កាមួយទងឬកាដូមួយកញ្ចប់ប៉ុណ្ណោះ ដែលនេះជាទស្សនៈយល់ច្រលំយ៉ាងធ្ងន់ធ្ងរ និងជាទង្វើមិនគួរគប្បី ខុសប្រពៃណីដូនតាខ្មែរ។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ក្រុមការងារអាវុអហត្ថរាជធានីភ្នំពេញ ចំនួន០៦ក្រុម បានក្រោកតាំងពីព្រលឹម រៀបចំដាំបាយធ្វើម្ហូបដាក់ប្រអប់ ព្រមជាមួយទឹកសុទ្ធ, មី, ទឹកដោះគោ និង ភួយ សរុប២០០កញ្ចប់កាដូ លើកដាក់លើរថយន្ត នាំទៅចែកជូនពុកម៉ែយាយតា ដោយក្តីរីករាយត្រេកអរ ដោយសង្ឃឹមថាសកម្មភាពចែករំលែកក្តីស្រឡាញ់ នៅថ្ងៃនេះ អាចជាគំរូដល់យុវវ័យ កុំយកអត្ថន័យនៃទិវាមួយនេះ ទៅបកស្រាយទៅលើមនោសញ្ចេតនា ស្នេហាប្រុសស្រី ដែលអាចបណ្តាលឲ្យជ្រុលខ្លួនលះបង់ព្រហ្មចារី ខុសប្រពៃណីរបស់ដូនតាខ្មែរយើងឡើយ៕