(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត តែ គុយ ស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថែ្លងថា ផ្ដល់ឈាម គឺផ្ដល់ជីវិតថ្មីទៅដល់អ្នកដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់ ហើយនៅថ្ងៃខាងមុខ មើលមិនឃើញនោះឡើយ អាចជាអ្នក ឬគ្រួសារអ្នក ជាអ្នកត្រូវការឈាម, ដូច្នេះ កុំចំាដល់ពេលត្រូវការឈាម ទើបផ្ដល់ឈាម នោះការសង្គ្រោះអាចនឹងមិនទាន់ពេលវេលាល្អផងដែរ។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត តែ គុយស៊ាង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង ទិវានៃក្ដីស្រលាញ់ ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់» ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោកវេជ្ជបណ្ឌិត តែ គុយស៊ាង បានថ្លែងបន្ដថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមផ្ដល់ឈាម ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាសង្គ្រោះជីវិតប្រជាពលរដ្ឋយើងណាម្នាក់ ដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់ ដែលជាការផ្ដល់សេចក្ដីស្រលាញ់មួយដ៏មានតម្លៃមិនអាចកាត់ផ្ដាច់បានឡើយ»។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងផងដែរថា ពិតណាស់ ឈាម គឺជាអំណោយមួយដ៏ល្អបំផុត ដែលអាចសង្គ្រោះអ្នកជំងឺដែលត្រូវការឈាម។ ដូច្នេះហើយ ទើបមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តែងតែប្រារព្ធទិវា ផ្ដល់ឈាមជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលចំនឹងថ្ងៃទិវានៃក្ដីស្រលាញ់ ដែលបងប្អូនយើងទាំងអស់គ្នា អាចផ្ដល់សេចក្ដីស្រលាញ់ តាមរយៈការផ្ដល់ឈាមនេះ ។
លើសពីនោះ នេះការបង្កើតទម្លាប់ និងប្រែក្លាយទិវានៃក្ដីស្រលាញ់ ទៅជាវប្បធម៌នៃការចែករំលែក តាមរយៈការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងជំរុញលើកកម្ពស់យុវជនប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្តត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសាន៍។ ជាងនេះទៅទៀត ជាការផ្សាយភ្ជាប់ទិវានៃក្ដីស្រលាញ់នេះ ទៅជាសកម្មភាពមនុស្សធម៌នៅក្នុងសង្គមផងដែរ។
លោកបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រារព្ធយុទ្ធនាការបរិច្ចាគឈាម តាំងពីឆ្នាំ២០១៣មក ហើយកាលពីឆ្នាំ២០១៩កន្លងទៅនេះ មានសប្បុរសជនស្ម័គ្រចិត្ដបរិច្ចាគឈាមចំនួន៧៨១នាក់ ក្នុងថ្ងៃទិវានេះ។ កាលពីក្នុងឆ្នាំ២០១៩ កន្លងមកនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៅទូទាំងប្រទេសទទួលបានអំណោយឈាម ចំនួន ៩៨,០៤១ប្លោក កើនឡើងជាងឆ្នាំ២០១៨ ក្នុងអត្រា ១៤,៤% បាន គឺចំនួន ៨៣,៩៨២ប្លោក ។ក្នុងនោះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៅភ្នំពេញ ទទួលអំណោយឈាមរហូតដល់ទៅ៧២% នៃអំណោយឈាមនៅទូទាំងប្រទេស ហើយបានបែងចែកប្រើប្រាស់ទៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យឯកជន និងអង្គការនានានៅទូទាំងរាជធានីភ្នំពេញ៕