(ភ្នំពេញ)៖ លោក តាណាកា ណុប៊ូយូគិ ប្រធានសហគ្រិនវ័យក្មេង នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសជប៉ុន បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចជាតិកម្ពុជាបច្ចុប្បន្ន ហើយលោកបានប្ដេជ្ញានឹងកៀគរវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន ដើម្បីជាសក្ខីភាពដ៏ល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ និងការរីកចម្រើនរបស់ប្រទេសទាំងពីរ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី “យុគសម័យបន្ទាប់នៃអនាគត YEG នៅក្នុងប្រទេសកម្ពុជា-ធ្វើអាជីវកម្មក្នុងការរីកលូតលាស់របស់អាស៊ាន” រៀបចំដោយក្រុមសហគ្រិនវ័យក្មេង នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសជប៉ុន នាសណ្ឋាគារគាំបូឌីយ៉ាណា កាលពីថ្ងៃទី១៣-កុម្ភៈ ដែលមានការចូលរួមពីលោក សំ សិរីរតន៏ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក មិកាមិ ម៉ាសាហ៊ិរូ ឯកអគ្គរដ្ឋទូតឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ។
ប្រធានសហគ្រិនដដែលថា កម្ពុជាគឺជាគោលដ៏សំខាន់ សម្រាប់ក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគ ស្របពេលសេដ្ឋកិច្ចជប៉ុន មិនសូវមានការរីកចម្រើន ដោយសារបញ្ហាប្រជាជនខ្លួនមានការថយចុះ ។ លោកថា «ដោយសារតំបន់អាស៊ីអាគ្នេយ៍ មានកំណើនសេដ្ឋកិច្ចខ្ពស់ ពិសេសកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ៧% គឺជាចំណុចដែលពួកយើងចាប់អារម្មណ៍ខ្លាំង ហើយយើងសង្ឃឹមនឹងអាចសហការជាមួយដៃគូកម្ពុជា ដោយយើងសង្ឃឹមថា នឹងទទួលបានប្រយោជន៍ទាំងសងខាង ទាំងជប៉ុនផង និងកម្ពុជាផង» ។
ក្នុងឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ិរូ បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង ២៦០ ក្រុមហ៊ុន បាននឹងកំពុងស្នាក់នៅ និងវិនិយោគនៅកម្ពុជា ហើយមានក្រុមហ៊ុន សហគ្រាស និងវិនិយោគិនជប៉ុនជាច្រើនទៀត បាននឹងកំពុងចាប់អារម្មណ៍ ។ ហេតុនេះ កម្ពុជានៅតែជាទិសដៅដ៏ល្អ សម្រាប់វិនិយោគិនជប៉ុន និងបរទេស ដោយសារកម្ពុជាបានរក្សានូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ៧% ហើយមានកត្ដាភូមិសាស្ដ្រដ៏ល្អមានទីតាំងចំកណ្ដាល នៃប្រទេសអាស៊ាន ពិសេសគឺកត្ដាសុខសន្ដិភាពតែម្ដង ។
គួរបញ្ជាក់ថា ការរៀបចំសិក្ខាសាលាខាងលើ បានធ្វើឡើងបន្ទាប់ពីការចុះអនុស្សារណៈយោគយល់គ្នា រវាងសហគ្រិនវ័យក្មេង នៃភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសជប៉ុន ជាមួយសមាគមសហគ្រិនវ័យក្មងកម្ពុជា កាលពីឆ្នាំ២០១៧ ។ សិក្ខាសាលានេះ រៀបចំឡើងគោលបំណងផ្លាស់ប្តូរ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរីកចម្រើន ដើម្បីអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម និងអាជីវកម្មក្នុងពេលបច្ចុប្បន្ន និងអនាគត ។ សិក្ខាសាលានេះនេះ ក៏មានការចូលរួមពីលោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក មិយ៉ាអុ ម៉ាសាហ៊ិរូ ប្រធានការិយាល័យអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុនប្រចាំរាជធានីភ្នំពេញ និងលោក កុអ៊ិជិ តាគូម៉ា ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជាផងដែរ៕