(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចំរុះ ជាង១ពាន់នាក់ ធ្វើយុទ្ធនាការដើររើសសម្រាម ចូលរួមថែរក្សាបរិស្ថាន និងសំអាតអនាម័យ ដើម្បីត្រៀមរៀបចំបុណ្យទន្លេ លើកទី៦ នៅក្រុងបាត់ដំបង នៅតាមគោលដៅ១៣កន្លែង និងមានកម្លាំង១៣ផែន តាមគ្រោងទុក ដើម្បីដើររើស និងបោសសម្អាតសម្រាម ជុំវិញក្រុងបាត់ដំបង។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ថ្ងៃនេះយើងបានរៀបចំ និងបានដឹកនាំកម្លាំងមន្រ្តីរាជការ កងកម្លាំង សិស្សនិស្សិត មកពីបណ្តាអង្គភាពនានាជុំវិញខេត្ត ហើយនាំគ្នាចូលរួមថែរក្សាបរិស្ថាន និងសំអាតអនាម័យ ដើម្បីទីក្រុងស្អាត បរិស្ថានល្អ ដោយបានធ្វើជាប្រចាំសម្អាតក្រុងដើម្បីសុខភាពយើងទាំងអស់គ្នា ក្នុងន័យថា ទីក្រុងស្អាតពណ៌បៃតង នៃខេត្តបាត់ដំបង។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីបានបែងចែកផែនរួចហើយ ផែននីមួយៗ បាននាំគ្នាដើររើស និងបោសសម្អាតសម្រាម នៅតាមគោលដៅរៀងខ្លួន ដែលបានកំណត់រួចហើយ៕