(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ និងលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីយុវជន ដើម្បីសង្គមមានសីលធម៌ គុណធម៌ និងការដឹងគុណ ដល់យុវជន សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ក្រុងក្រចេះ។
លោក វ៉ា ថន បានលើកឡើងថា កម្មវិធីដែលរៀបចំនាថ្ងៃនេះ មានគោលបំណងដ៏ជ្រាលជ្រៅបំផុត ក្នុងការអប់រំកាយ វាចាចិត្ត របស់ក្មួយៗ សិស្សានុសិស្ស ឲ្យបានល្អផូរផង់តាមមាគ៌ា ព្រះពទ្ធសាសនា ដើម្បីក្លាយទៅជាកូនល្អ សិស្សល្អ និងយុវជនល្អ។
លោកបន្ដទៀតថា ក្មួយៗចង់ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ គឺក្មួយៗត្រូវមានសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ ក្នុងការរស់នៅប្រចាំ ដោយខិតខំព្យាយាមរៀនសូត្រ កំប្រព្រឹត្តអំពើអបាយមុខ ដែលសង្គមស្អប់ខ្ពើម មានការសេពគ្រឿងញៀនជាដើម។
លោកថា ក្មួយៗត្រូវចេះគោរព ពុកម៉ែ លោកគ្រូ អ្នកគ្រូ ចាស់ទុំ និងមិត្តភក្ដិរបស់យើង ហើយសេចក្ដីគោរពនេះ គឺជាសីលធម៌មួយដ៏ល្អ នៅក្នុងវប្បធម៍ខ្មែរ ដូចជាការសំពះគ្នាទៅវិញទៅមក (សំពះព្រះសង្ឃ សំពះពុកម៉ែ ចាស់ទុំលោកគ្រូ អ្នកគ្រូជាដើម)។
លើសពីនោះទៀតយ លោកក៏បានផ្ដាំផ្ញើដល់ក្មួយៗ ត្រូវចងចាំថា យុវជន គឺជាសរសរទ្រូងសម្រាប់ប្រទេសជាតិ, យុវជនជាទំពាំងស្នងឬស្សី, យុវជន គឺជាកម្លាំងចលករ ដ៏មានសក្ដានុពល ក្នុងការចូលរួមជួយជំរុញនាវាសង្គមជាតិ ឲ្យឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសន្តិភាព។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏សង្ឃឹមថា ក្មួយៗ និងខិតខំអភិវឌ្ឍខ្លួន ដោយព្យាយាមសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងខ្ពស់ មានក្រមសីលធម៌ត្រឹមត្រូវ ដើម្បីតម្លៃនៃជីវិត។
លោកបានបញ្ជាក់ទៀតថា ថ្ងៃនេះ ជាថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃនៃក្ដីស្រលាញ់របស់បងប្អូន សាសនាគ្រឹស្តិ៍ ដែលក្មួយៗ សិស្សានុសិស្ស និងយុវវ័យជាច្រើនចាត់ទុកថា ជាថ្ងៃពិសេសរវាងគូស្នេហ៍ ដែលផ្ដល់នូវក្ដីស្រលាញ់ ផ្អែមល្ហែមជាមួយគ្នា រហូតដល់ហៅថ្ងៃនេះ ថា ជាថ្ងៃបុណ្យសង្សារទៅវិញ។
លោកបន្ដថា ដោយសារមានការយល់ច្រឡំនេះហើយ ទើបយុវវ័យនាំគ្នា ធ្វើរឿងផ្ដេសផ្ដាស នាំឲ្យប្រាសចាកពីប្រពៃណីដ៍ល្អផូរផង់របស់ខ្មែរ នាំឲ្យបាត់បង់តម្លៃជាតិខ្មែរ និងនាំឲ្យបាត់បង់តម្លៃស្ត្រីខ្មែរផងដែរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ជាការពិតក្ដីស្រលាញ់នេះ គឺមិនមែនសម្រាប់តែថ្ងៃនេះទេ ហើយក៏មិនមែនសម្រាប់គូសង្សារនោះដែរ។ យើងត្រូវតែចែកក្ដីស្រលាញ់នេះ ដល់ពុក ម៉ែយើង លោកគ្រូអ្នកគ្រូ មិត្តភិក្ដយើង ថ្នាក់ដឹកនាំយើង ជាពិសេសមនុស្សនៅជុំវិញខ្លួនយើង៕