(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ រៀបចំកិច្ចប្រជុំណែនាំការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) និងប្រគល់ទទួលលេខគណនី ជូនមន្ដ្រីនគរបាលដែលពាក់ព័ន្ធ ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។
ក្នុងនោះក៏មានការចូលរួមពី លោកស្នងការរងផែនការងារអន្តោប្រវេសន៍ និងផែនការងារសន្តិសុខ លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយ នាយរងផ្នែក រហូតដល់មន្ត្រីចំណុះផែនការងារអន្តោប្រវេសន៍, លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយ នាយរងប៉ុស្តិ៍នគរបាល ទាំង១០៩ ទទួលការងារចុះបញ្ជីស្ថិតិ សរុបចំនួន២៧២នាក់។
គួរជម្រាបថា គោលបំណង នៃការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងវត្តមានអន្តោប្រវេសសន្ត ឬមិនមែនអន្តោប្រវេសសន្ត តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីងាយគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។
កន្លងមកនេះមានខេត្តមួយចំនួន គ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរទេសទាំងនោះ បានបង្កបទល្មើសផ្សេងៗ និងបានលាក់ខ្លួននៅក្នុងសណ្ឋាគារ កាស៊ីណូ ជាដើម។ ដោយស្ថិតក្នុងស្ថានភាពបែបបនេះ នៅពេលអាជ្ញាធរបរទេសស្នើសុំរកមុខសញ្ញាដែលចូលមកប្រទេសយើង គឺវាមានការពិបាកក្នុងស្រាវជ្រាវរកមុខសញ្ញាទាំងនោះ។
ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia) អត្តសញ្ញាណជនបរទេសទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស បានទាន់ពេលផងដែរ៕