(រតនគិរី)៖ មជ្ឈមណ្ឌលផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយសហភាពសព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការរៀបចំយុទ្ធនាការ ផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «មានសន្តិភាព មានសេចក្តីស្រឡាញ់! ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!» ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នៅមជ្ឈមណ្ឌលផ្តល់ឈាម មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ស្ថិតក្នុងក្រុងបានលុង។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានអំពាវនាវឲ្យយុវជននិងប្រជាជននៅទូទាំងខេត្តរតនគិរី បបួលគ្នាចូលរួមផ្តល់ឈាមឲ្យបានច្រើនកុះករ នៅតាមមជ្ឈមណ្ឌលផ្តល់ឈាម ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងដើម្បីជួយជីវិតជនរងគ្រោះ ដែលកំពុងត្រូវការឈាម។
លោកបន្តថា ប្រធានបទ «មានសន្តិភាពមានសេចក្តីស្រឡាញ់ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» គឺជាពាក្យស្លោកដ៏សំខាន់មួយ ជាពិសេសក្នុងឱកាសដែលយុវជនតែងតែបានចាត់ទុកថ្ងៃទី១៤ ខែកុម្ភៈ ជាទិវានៃក្តីស្រលាញ់ហើយនាំគ្នាផ្តល់ឈាម ដើម្បីបង្កើតជាទម្លាប់ល្អមួយ ដើម្បីធ្វើសកម្មភាពមនុស្សធម៌និងចែករំលែកសេចក្តីស្រលាញ់ សម្រាប់សង្គមជាតិយើងទាំងមូល។
លោករវេជ្ជបណ្ឌិត អ៊ុង រតនា ក៏បានជំរុញឲ្យមជ្ឈមណ្ឌលផ្តល់ឈាមខេត្ត បង្កើនការអប់រំផ្សព្វផ្សាយនិងបង្កើតឲ្យមានយុទ្ធនាការបរិច្ចាគឈាមច្រើនថែមទៀត ដើម្បីធ្វើឲ្យយុវជន និងប្រជាជន បានចូលរួមបរិច្ចាគឈាមកាន់តែច្រើន។
លោកវេជ្ជបណ្ឌិត ហុីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានចាត់ទុកថា ការផ្តល់ឈាមនេះ សម្រាប់ផ្គត់ផ្គង់ជួយដល់ជនរងគ្រោះ ដែលត្រូវការឈាម និងផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ នាំគ្នាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនពីព្រោះជនរងគ្រោះត្រូវការឈាមសង្គ្រោះជីវិតយ៉ាងហោចណាស់ ក្នុងមួយថ្ងៃគិតជាមធ្យមភាគ៣ប្លោក នៅមន្ទីរបង្អែកខេត្ត៕