(ភ្នំពេញ)៖ ក្រុមហ៊ុនអង្គរហ្គ្រីនរបស់កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះហត្ថលេខាបង្កើតជាដៃគូសហការអាជីវកម្ម ជាមួយក្រុមហ៊ុនយ៉ារ៉ាអន្តរជាតិ ដែលមានដើមកំណើតមកពីប្រទេសណរវ៉េ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យកសិករកម្ពុជា អាចបង្កើនផលិតភាព បង្កើនទិន្នផល សុវត្ថិភាពជាងមុន និងអាចផលិតកសិផលស្របតាមស្តង់ដាររបស់អ្នកទិញ ពិសេសសម្រាប់ការនាំចេញ។
យោងតាមខ្លឹមសារ ដែលត្រូវបានបង្ហាញក្នុងពិធីចុះហត្ថលេខានេះបានឲ្យដឹងថា ក្រុមហ៊ុនអង្គរហ្គ្រីន ត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់ដំណោះស្រាយផ្នែកកសិកម្ម និងជាដៃគូសំខាន់របស់កសិករ ដេប៉ូ និងដៃគូពាក់ព័ន្ធ ពិសេសដែលបាន និងកំពុងរួមគ្នាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា។ ក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន អង្គរហ្រ្គីន ចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលជំនាញ គាំទ្របច្ចេកទេស និងរៀបចំឲ្យមានពិធីចែករំលែកចំណេះដឹងដល់កសិករ ម្ចាស់កសិដ្ឋាន និងដេប៉ូចែកចាយទូទាំងប្រទេស។ អង្គរហ្គ្រីន បាននិងកំពុងសហការជាមួយដៃគូអន្តរជាតិជាច្រើន នៅទូទាំងពិភពលោក ពិសេសប្រទេសដែលមានវិស័យកសិកម្មជឿនលឿន ដូចជា អ៉ីស្រាអែល អូស្ត្រាលី ចិន ឥណ្ឌា អេស្ប៉ាញ អ៉ីតាលី ទួរគី ជប៉ុន វៀតណាម និងថៃជាដើម។ល។
យោងតាមខ្លឹមសារដដែលបានបញ្ជាក់ថា៖ «ដើម្បីបំពេញបេសកកម្មជាស្ថាប័នផ្តល់ដំណោះស្រាយជាកញ្ចប់ក្នុងវិស័យកសិកម្ម និងធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា អង្គរហ្រ្គីន បាននិងកំពុងអភិវឌ្ឍន៍ខ្លួន បង្កើនគុណវឌ្ឍរបស់បុគ្គលិក និងអ្នកគ្រប់គ្រង ដើម្បីអាចបំពេញបេសកកម្មដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការគាំទ្រឲ្យមានការផ្តួចផ្តើមថ្មីៗ នាំយកបច្ចេកវិទ្យាកសិកម្មទំនើបៗ មកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ កន្លងមកអង្គរហ្រ្គីន មិនទាន់មានជីសម្រាប់ប្រើដោយបាចផ្ទាល់ទៅលើដីនៅឡើយ ដោយសារយើងមិនទាន់មានដៃគូរ ដែលមានបច្ចេកវិទ្យាផលិតជីទំនើប និងគុណភាពល្អបាន»។
«ស្របពេលនេះដែរ អង្គរហ្គ្រីន បានដឹងថាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលជាអ្នកផលិតជីជំនាន់ថ្មី ពិសេសៗ ដែលមានគុណភាពខ្ពស់ និងទទួលបានការគាំទ្រ ការជឿទុកចិត្ត ពីកសិករនៅជុំវិញពិភពលោក ពិសេសតាមបណ្តាប្រទេស ដែលមានកសិកម្មជឿនលឿន និងប្រទេសជិតខាងរបស់កម្ពុជានោះ គឺក្រុមហ៊ុនយ៉ារ៉ាអន្តរជាតិ ដែលមានស្នាក់ការកណ្តាល នៅប្រទេសណរវ៉េ»។ ខ្លឹមសារនេះ គូសបញ្ជាក់បន្ថែម។
ដោយសារក្រុមហ៊ុនទាំងពីរមានទស្សនវិស័យ និងការយល់ឃើញប្រហាក់ប្រហែលគ្នា ទើបក្រុមហ៊ុនទាំងពីរសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងបំណងនាំយកបច្ចេកវិទ្យាកសិកម្មទំនើបៗ និងផលិតផលគុណភាពលំដាប់ពិភពលោក ដែលបាននិងកំពុងអនុវត្តន៍នៅប្រទេសជឿនលឿន និងប្រទេសជិតខាងមកណែនាំ បង្ហាញដល់កសិករដល់កម្ពុជា និងដើម្បីឆ្លើយតបទៅនឹងកំណើន និងការវិវឌ្ឍល្អរបស់វិស័យកសិកម្មនៅកម្ពុជា។
តាមរយៈការសហការគ្នានេះ ក្រុមហ៊ុនទាំងពីរនឹងណែនាំបង្ហាញបច្ចេកទេសដាំដុះថ្មីៗ ណែនាំដល់កសិករខ្មែរ តាមរយៈការបង្ហាញកម្មវិធីដាំដុះទំនើប ទៅតាមប្រភេទដំណាំចាំបាច់មួយចំនួន ដូចជា ដំណាំស្វាយ ស្រូវ មៀន មៀនប៉ៃលិន ចន្ទី ទុរ៉េន ក្រូចពោធិ៍សាត់ ក្រូចវល្លិ៍ ប័រ ម្រេចជាដើម ដើម្បីចែកជូនកសិករកម្ពុជា និងដេប៉ូចែកចាយនានា។ ក្រុមហ៊ុននឹងសហការគ្នា បើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ នៅតាមតំបន់គោលដៅ ក៏ដូចជាបណ្តុះបណ្តាលគ្រូបង្គោល ខាងផ្នែកកសិកម្មក្នុងស្រុក និងទទួលយកនិស្សិតមកពីមហាវិទ្យាល័យកសិកម្មនានា មកហាត់ការដើម្បីបង្វឹកជាគ្រូបង្គោល ដែលពួកគាត់នឹងក្លាយជាធនធានសំខាន់ នៃវិស័យកសិកម្មរបស់កម្ពុជានាពេលអនាគត។
ដើម្បីជំរុញការអនុវត្ត និងសម្រេចគោលដៅខាងលើ អង្គរហ្គ្រីន និងយ៉ារ៉ា នឹងសហការជ្រើសរើសដេប៉ូចែកចាយ ដែលមានលក្ខណៈសមស្រប និងបំពេញលក្ខខណ្ឌតម្រូវស្តង់ដារចែកចាយ ជីលំដាប់ពិភពលោកមួយនេះ ទូទាំងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅហើយ។ លើសពីនេះ នឹងសហការជាមួយដៃគូអភិវឌ្ឍនានា ដែលធ្វើកិច្ចការពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីផ្តល់ការគាំទ្រដល់កសិករឲ្យអាចប្រើជី ដែលមានគុណភាពខ្ពស់បែបនេះ នឹងប្រើប្រាស់ផលិតផលត្រូវតាមតម្រូវការ និងដំណាក់កាលនីមួយៗ របស់ដំណាំ។
សូមបញ្ជាក់ថា អង្គរហ្គ្រីន ជាក្រុមហ៊ុនដែលបាន និងកំពុងផ្តល់ដំណោះស្រាយផ្នែកកសិកម្ម ពិសេសការនាំបច្ចេកវិទ្យាទំនើបៗមកកម្ពុជា តាំងពីឆ្នាំ២០១១មកម្លេះ។ ក្រុមហ៊ុន បាននិងកំពុងចែកចាយផលិតផលរបស់ខ្លួន ២៥រាជធានី-ខេត្តនៅកម្ពុជា។ ផលិតផលទាំងនោះ រួមមាន ជី-ថ្នាំកសិកម្មដែលមានគុណភាពខ្ពស់ (ទាំងថ្នាំកសិកម្មណ និងជី-ថ្នាំធម្មជាតិ /ភ្នាក់ងារជីវសាស្ត្រ) ប្រព័ន្ធស្រោចស្រពទំនើបមកពីប្រទេសអ៉ីស្រាអែល ជាក្រុមហ៊ុនលំដាប់ទី២ ធំជាងគេលើលោក នាំចូលត្រាក់ត័រ និងគ្រឿងយន្តកសិកម្មទំនើបៗ មកពីប្រទេសអ៉ីតាលី និងបណ្តាប្រទេសជឿនលឿនមួយចំនួនទៀត នៅសហគមន៍អឺរ៉ុប ហើយដែលគ្រឿងយន្តទាំងនោះ មិនធ្លាប់មាននៅកម្ពុជាឡើយ ដើម្បីនាំមកធ្វើទំនើបកម្មកសិកម្មដល់កសិករ នៅកម្ពុជាយើង។
លើសពីនេះទៅទៀត អង្គរហ្គ្រីន បាននិងកំពុងបង្រៀនបច្ចេកទេសផលិតចំណីសត្វតាមបែបឧស្សាហកម្ម ដល់កសិករដោយប្រើធនធាននៅជុំវិញសហគមន៍របស់ពួកគាត់ ជាវត្ថុធាតុដើមដើម្បីផលិតចំណីសត្វ និងមានអង្គហ្គេប បានចូលរួមទិញសត្វចិញ្ចឹម និងកសិផលសុវត្ថិភាពពីកសិករ ហើយកំពុងចែកចាយសាច់ជ្រូកសុវត្ថិភាព មាន់ស្រែ និងកសិផលសុវត្ថិភាពនានាទៀត ដែលផលិតដោយកសិករកម្ពុជា។
ថ្មីៗនេះផងដែរ នាយកដ្ឋាននាំចេញ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកផ្សារភ្ជាប់ទីផ្សារប្រទេស ឲ្យកសិករកម្ពុជា និងដើម្បីបង្កើនបរិមាណនាំចេញផ្លូវការនូវកសិផលកម្ពុជា ទៅក្រៅប្រទេស។ តាំងពីចុងឆ្នាំ២០១៨ អង្គរហ្រ្គីន បាននាំចេញស្វាយកែវរមៀត (ឈ្មោះស្វាយអង្គរ) ទៅលក់ឲ្យអតិថិជនជាក្រុមហ៊ុនជប៉ុនជាដើម៕