(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រវត្តិសាស្ត្រ និងជាទីប្រឹក្សាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ទើបនឹងបោះពុម្ភផ្សាយនូវសៀវភៅថ្មីមួយទៀត នោះគឺ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ»។ សៀវភៅនេះ លោកបណ្ឌិត មានបំណង់ចង់ឱ្យកូនខ្មែរ និងសាធារណជនយល់ដឹងកាន់តែច្បាស់ពីប្រាសាទព្រះវិហាររបស់ខ្មែរ។
ក្នុងសៀវភៅប្រវត្តិសាស្រ្ត «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» ដែលមានកម្រាស៤៦០ទំព័រ លោកបណ្ឌិតសភាចារ្យ បានបង្ហាញរឿងរ៉ាវលម្អិតនៃប្រាសាទព្រះវិហារ ជាពិសេស នៅ៣ដំណាក់កាលសំខាន់ៗក្នុងប្រវត្តិសាស្រ្ត ក្នុងនោះមានដូចជា ដំណាក់កាលកសាងប្រាសាទ ជម្លោះដណ្តើមប្រាសាទព្រះវិហាររវាងកម្ពុជា-ថៃ និងសាលក្រមរបស់តុលាការអន្តរជាតិ ICJ ដែលកាត់ក្តីប្រគល់ប្រសាទព្រះវិហារមកឱ្យកម្ពុជា ឆ្នាំ១៩៦២ និងដំណាក់កាលចុងក្រោយសង្គ្រាមកម្ពុជា-ថៃ ការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិ៍បេតិកភណ្ឌពិភពលោក និងការបកស្រាយសាលក្រមឡាអេផងដែរ។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានបញ្ជាក់ថា ការនិពន្ធចងក្រងអំពីប្រាសាទព្រះវិហារក្នុងស្នាដៃនេះ គឺជាការរួមចំណែក ដើម្បីចែករំលែកការយល់ដឹងខ្លះៗដល់យុវជនខ្មែរ ជនជាតិខ្មែរឲ្យស្គាល់ស្រឡាញ់អាណិតអាសូរ ប្រាសាទព្រះវិហារខ្មែរ ដែលតំណាងឲ្យមោទនភាពជាតិខ្មែរ ចក្រភពខ្មែរ ភាពរុងរឿង ឯកភាពជាតិ និងការឈឺចុកចាប់ព្រាត់ប្រាស់ ដែលយើងបានជួបប្រទះជាច្រើនសតវត្សមកហើយ។
ស្នាដៃ «ប្រាសាទព្រះវិហារ» បានទទួលកិត្តិយសដោយត្រូវបានចាប់ផ្តើមដោយអារម្ភកថារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចក្នុងនាមជានាយករដ្ឋមន្រ្តី មានមោទនភាពចំពោះស្នាដៃដ៏ល្អប្រសើរ របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ស្ដីអំពី «ប្រាសាទព្រះវិហារ» ក្រោមចំណងជើង «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ»។
សម្តេចបានចាប់អារម្មណ៍ថា ជិតមួយពាន់ឆ្នាំហើយ យើងបានព្រាត់ប្រាស់ពី «ប្រាសាទព្រះវិហារ» ហើយជាមួយគ្នានោះដែរ ក៏យើងមិនដែលបាននឹកនា យកចិត្តទុកដាក់អំពីព្រលឹងបុព្វបុរសខ្មែរនេះដែរ។ «ប្រាសាទវិហារ» ជាប្រាសាទមួយដ៏សែនកំសត់ជាងប្រសាទទាំងពួង ហើយស្ថិតកប់ក្នុងអន្តរកាលឆ្ងាយអំពីភ្នែកច្រមុះ និងការយកចិត្តទុកដាក់របស់សង្គមជាតិ។ ប៉ុន្តែឥលូវនេះ «ប្រាសាទប្រះវិហារ» បានវិលត្រឡប់ចូលមកជួបជុំក្នុងវង្សត្រកូល បេះដូង ចិត្តថ្លើម ស្មារតីជនជាតិខ្មែរវិញហើយ ចាប់ពីរជ្ជកាលព្រះបាទនរោត្តម សីហនុ។ តែបរិបទសង្គ្រាមត្រជាក់ សង្គ្រាមស៊ីវិល និងអស្ថិរភាពនយោបាយគ្រប់បែបយ៉ាង មិនបានបង្កភាពអំណោយផលដល់កូនចៅជនជាតិខ្មែរ នៅនែបនិត្យដូចសម័យកាលដើមនោះឡើយ។
សម្តេចបានបន្ថែមថា៖ «យើងត្រូវរង់ចាំការការបញ្ចប់សង្គ្រាម មានសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់ខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងទាំងអស់គ្នាជាកូនចៅ ជាប្រជាជនខ្មែរ មានសំណាងអាចទៅរួមរស់ជាមួយប្រសាទព្រះវិហារ និងអតីតដ៏រុងរឿងរបស់កម្ពុជា។ យើងទាំងអស់គ្នាបានសាមគ្គី ងើបឈរ នាំគ្នាការពារថែរក្សាបូរណភាព និងអភិវឌ្ឍប្រាសាទព្រះវិហារក្នុងពេលដែលសត្រូវឈ្លានពាន។ យើងបានរៀបចំកសាងចងគ្រប់ដំណាក់កាល ធ្វើឱ្យពិភពលោកទទួលស្គាល់តម្លៃពិតប្រាកដគ្មានពីររបស់ «ប្រាសាទព្រះវិហារ» ដែលប្រមូលផ្ដុំដោយព្រលឹង និងតក្កវិជ្ជាដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរយើង ក៏ដូចជាអ្វីដែលជាវប្បធម៌ និងអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរដែរ»។
សម្តេចបានចាត់ទុកថា ស្នាដៃ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» របស់លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ជាគម្ពីរដ៏សំខាន់មានខ្លឹមសារ មានអត្ថន័យដ៏សំខាន់សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់ ដែលលើកយកមកធ្វើជាមូលដ្ឋានគិតពិចារណាគិតពិចារណាក្នុងបញ្ហាអាយុជីវិតជាតិយើង។«ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» អាចចាត់ទុកជាគម្ពីរប្រវត្តិសាស្ត្រខ្មែរសម្រាប់ជាជំនួយស្មារតីដល់ខ្មែរគ្រប់រូប។
សៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» ជាស្នាដៃទី២៣ហើយរបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ដោយត្រូវបានបោះពុម្ភចំនួន ៥០០០ច្បាប់ ដោយមានការឧបត្ថម្ភបោះពុម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន។ សៀវភៅនេះមិនមានដាក់លក់តាមបណ្ណាគារទេ ហើយត្រូវបានចែកចាយទៅតាមគ្រឹះស្ថានសិក្សា វត្ត អារ៉ាម និងស្ថាប័នរដ្ឋផ្សេងៗ តាមបណ្តាក្រុង និងខេត្តផងដែរ៕